សច្ឆិកិរិយសូត្រ
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ នេះ មាន ៤ យ៉ាង ។ ធម៌ទាំង ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយនាមកាយក៏មាន ធម៌ដែលត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយសតិក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ដោយចក្ខុ ក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយនាមកាយ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ មោក្ខធម៌ ៨ ជាធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយនាមកាយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុព្វេនិវាស ជាធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយចក្ខុ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ការច្យុតិ និងការកើតឡើង របស់សត្វទាំងឡាយ ត្រូវធ្វើឲ្យជាក់ច្បាស់ដោយចក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ការអស់អាសវៈ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា ។ ម្នាលភិក្ខុ ទាំងឡាយ ធម៌ទាំង ៤ នេះឯង ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ។