អដ្ឋកថាសច្ឆិកិរិយសូត្រ

ក្បាលទី 28 · ទំព័រ 440

គប្បីជ្រាបវិនិច្ឆ័យក្នុងសច្ឆិកិរិយសូត្រទី ៩ ដូចតទៅនេះ បទថា កាយេន បានដល់ ដោយនាមកាយ ។ បទថា សច្ឆិករណីយា បានដល់ គប្បីធ្វើឲ្យប្រចក្ស ។ បទថា សតិយា បានដល់ ដោយបុព្វេនិវាសានុស្សតិ ។ បទថា ចក្ខុនា គឺដោយទិព្វចក្ខុ ។ បទថា បញ្ញាយ សេចក្តីថា វិបស្សនា បញ្ញា គប្បីធ្វើឲ្យជាក់ច្បាស់ដោយឈានប្បញ្ញា មគ្គប្បញ្ញា គប្បីធ្វើឲ្យជាក់ច្បាស់ ដោយវិបស្សនាបញ្ញា ផលប្បញ្ញា គប្បីធ្វើឲ្យជាក់ច្បាស់ដោយមគ្គប្បញ្ញា បច្ចវេក្ខណប្បញ្ញា គប្បីធ្វើឲ្យជាក់ច្បាស់ដោយផលប្បញ្ញា អធិប្បាយ ថា គប្បីត្រាស់ដឹង ។ ចំណែកអរហត្ត ពោល គឺការអស់អាសវៈ ឈ្មោះថា គប្បីធ្វើឲ្យជាក់ច្បាស់ដោយបច្ចវេក្ខណប្បញ្ញា ។