ឧបោសថសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្បាសាទ ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះដ៏មាន ព្រះភាគ ទ្រង់មានព្រះភិក្ខុសង្ឃចោមរោម គង់នៅក្នុងថ្ងៃឧបោសថនោះ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញភិក្ខុសង្ឃ នៅស្ងៀមស្ងាត់ ទើប ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មិនមានការចរចា អ្វី ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ មិនមានការស្តីនិយាយអ្វី ជា បរិសទ្យស្អាត តាំងនៅក្នុងខ្លឹមធម៌ បរិសទ្យមានសភាពយ៉ាងណា ដែលក្រ នឹងបានឃើញក្នុងលោក ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ បរិសទ្យមានសភាព យ៉ាងណា ដែលគួរទទួលគ្រឿងបូជា គួរទទួលរបស់ទទួលភ្ញៀវ គួរទទួល ទក្ខិណាទាន គួរធ្វើអញ្ជលី ជាបុញ្ញក្ខេត្តដ៏ប្រសើរបំផុតរបស់សត្វលោក ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ ទានមានប្រមាណតិច ដែលគេឲ្យដល់បរិសទ្យ មានសភាពយ៉ាងណា ហើយបានផលច្រើន ទានច្រើន ដែលគេឲ្យហើយ រឹងរឹតតែមានផលច្រើនឡើងទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះក៏យ៉ាង នោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ បរិសទ្យណា ដែលគួរគេស្ពាយស្បៀងទៅមើល សូម្បីអស់ទីរាប់ទាំងយោជន៍ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ ។