ភទ្ទិយសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ក្នុងមហាវ័ន ទៀបក្រុងវេសាលី ។ គ្រានោះឯង ស្តេចលិច្ឆវី ព្រះនាម ភទ្ទិយៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយ បង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីសមគួរ ។ កាលស្តេចភទ្ទិយលិច្ឆវី គង់ក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮពាក្យនេះថា ព្រះសមណគោតម ជាអ្នក មានកិច្ចកល ចេះនូវកិច្ចកលសម្រាប់បោកប្រាស់ តែងបោកប្រាស់ពួកសាវ័ក របស់អន្យតិរ្ថិយ ។ បពិត្រព្រះអង្គដ៏ចម្រើន ជនទាំងឡាយណា បាន ពោលយ៉ាងនេះថា ព្រះសមណគោតម ព្រះអង្គជាអ្នកមានកិច្ចកល ចេះនូវ កិច្ចកលសម្រាប់បោកប្រាស់ តែងបោកប្រាស់ពួកសាវ័ក របស់អន្យតិរ្ថិយ ទាំងឡាយ បពិត្រព្រះអង្គដ៏ចម្រើន ជនទាំងឡាយនោះ ឈ្មោះថា ពោល ពាក្យតាមព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហើយ មិនមែនពោលបង្កាច់ ព្រះដ៏ មានព្រះភាគ ដោយពាក្យមិនពិតផង ពោលនូវធម៌ដ៏សមគួរដល់ធម៌ផង ការ ប្រព្រឹត្តទៅតាមវាទៈ ដែលប្រកបដោយធម៌ឯណានីមួយ ក៏មិនដល់នូវហេតុ ដែលគួរតិះដៀលផង បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា យើងខ្ញុំព្រះអង្គ មិន មែនជាអ្នកចង់ពោលបង្កាច់ ព្រះដ៏មានព្រះភាគទេ ។ ម្នាលភទ្ទិយៈ អ្នកចូរ មក អ្នកចូរកុំជឿប្រកាន់ដោយការឮតៗ គ្នា កុំជឿប្រកាន់ដោយការនិយាយ តៗ គ្នា កុំជឿប្រកាន់ដោយការភាក់ផ្អើល កុំជឿប្រកាន់ដោយការអាងតម្រា កុំជឿប្រកាន់ដោយសេចក្តីត្រិះរិះតាមអាការ កុំជឿប្រកាន់ដោយឃើញសម នឹងយោបល់ កុំជឿប្រកាន់ចំពោះបុគ្គលដែលគួរជឿ កុំជឿប្រកាន់ថាសមណៈ ជាគ្រូនៃយើង ។