សាបុគិយសូត្រ
សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងនិគម ឈ្មោះ សាបុគ របស់ពួកកោឡិយជន ក្នុងដែនកោឡិយៈ ។ គ្រានោះឯង ពួក កោឡិយបុត្ត អ្នកសាបុគនិគមជាច្រើន ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទី សមគួរ ។ លុះពួកកោឡិយបុត្ត អ្នកសាបុគនិគម អង្គុយក្នុងទីសមគួរហើយ ទើបព្រះអានន្ទដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអ្នកព្យគ្ឃបជ្ជៈទាំងឡាយ អង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធនេះ មាន ៤ ដែលព្រះ ដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកហើយដោយល្អ ដើម្បីសេចក្តីបរិសុទ្ធដល់ពួកសត្វ ដើម្បីប្រព្រឹត្តកន្លងនូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីអស់ទៅនៃទុក្ខ និង ទោមនស្ស ដើម្បីត្រាស់ដឹងនូវញេយ្យធម៌ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះ និព្វាន ។ អង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធមាន ៤ តើដូចម្តេច ។ គឺអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធនៃសីល ១ អង្គនៃសេចក្តី ព្យាយាម ដើម្បីសេចក្តីបរិសុទ្ធនៃចិត្ត ១ អង្គនៃសេចក្តីព្យាយាម ដើម្បី សេចក្តីបរិសុទ្ធនៃទិដ្ឋិ ១ អង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធនៃ វិមុត្តិ ១ ។ ម្នាលអ្នកព្យគ្ឃបជ្ជៈទាំងឡាយ អង្គនៃសេចក្តីព្យាយាម ដើម្បី សេចក្តីបរិសុទ្ធនៃសីល តើដូចម្តេច ។ ម្នាលអ្នកព្យគ្ឃបជ្ជៈទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ជាអ្នកមានសីល ។ បេ ។ បានសមាទាន សិក្សាក្នុងសិក្ខាបទ ទាំងឡាយថា អាត្មាអញនឹងធ្វើសីលបារិសុទ្ធិ មានសភាពយ៉ាងនេះ ដែល មិនទាន់ពេញលេញឲ្យពេញលេញក្តី និងអនុគ្រោះនូវសីលបារិសុទ្ធិ ដែល ពេញលេញហើយ ក្នុងទីនោះៗ ដោយបញ