វប្បសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិរោធារាម ជិតក្រុងកបិលពស្តុ ក្នុងសក្កជនបទ ។ គ្រានោះ វប្បសក្យជាសាវ័កនិគ្រន្ថ បានចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ក្រាបថ្វាយបង្គំ ព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះវប្បសក្យៈ ជាសាវ័ករបស់និគ្រន្ថ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលដូច្នេះថា ម្នាលវប្បៈ បុគ្គលក្នុងលោកនេះ គប្បីសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត ព្រោះប្រាសចាក អវិជ្ជា ព្រោះកើតឡើងនៃអវិជ្ជា អាសវៈទាំងឡាយ ដែលជាបច្ច័យនៃ ទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរសក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នកឃើញហេតុនោះដែរឬទេ ។ បពិត្រព្រះថេរៈដ៏ចម្រើន ខ្ញុំ ព្រះករុណាឃើញនូវហេតុនោះដែរ បពិត្រព្រះថេរៈដ៏ចម្រើន បាបកម្មដែល បុគ្គលធ្វើក្នុងកាលពីដើម ជាវិបាកដែលមិនទាន់ឲ្យផល ក្នុងលោកនេះទេ ព្រោះហេតុនោះ បានជាអាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្រប សង្កត់នូវបុរស ក្នុងលោកខាងមុខបាន ។ ការនិយាយជាមួយនឹងវប្បសក្យៈ ជាសាវ័ករបស់និគ្រន្ថ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានឈប់ផ្អាកត្រឹម ប៉ុណ្ណេះ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ស្តេចចេញចាកផលសមាបត្តិក្នុង វេលាសាយ័ណ្ហសម័យ ទើបស្តេចទៅកាន់ឧបដ្ឋានសាលា លុះស្តេចទៅដល់ ហើយ ក៏គង់លើអាសនៈដែលគេក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគទ្រង់ គង់រួចហើយ ទ្រង់មានព្រះពុទ្ធដីកានឹងព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះ ថា ម្នាលមោគ្គល្លាន អ្នកអង្គុយប្រជុំនិយាយគ្នាដោយរឿងអ្វី អម្បាញ់មិញ នេះ ចុះអន្តរាកថា ( ពាក្យជាចន្លោះ ) ដូចម្តេច ដែលអ្នកពោលផ្អាកទុក ។ បពិត្