អដ្ឋកថាមល្លិកសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងមល្លិកសូត្រទី ៧ ដូចតទៅនេះ បទថា មល្លិកា ទេវី បានដល់ ព្រះទេវីរបស់ព្រះបាទបសេនទិកោសល ។ បទថា យេន មិធេកច្ចោ មាតុគាមោ បានដល់ ស្រីពួកខ្លះក្នុងលោកនេះ ។ បទថា ទុព្វណ្ណោ បានដល់ មានពណ៌សម្បុរគួរខ្ពើម ។ បទថា ទុរូបេ បានដល់ មានទ្រង់ទ្រាយមិនល្អ ។ បទថា សុបបិកោ បានដល់ អាក្រក់ពន់ពេក អាក្រក់ក្រៃលែង ។ បទថា ទស្សនាយ ប្រែថា ដើម្បីឃើញ ។ បទថា ទលិទ្ទោ បានដល់ ក្រទ្រព្យ ។ បទថា អប្បស្សកោ បានដល់ វៀរចាក ទ្រព្យ និងស្រូវជារបស់ខ្លួនឯង ។ បទថា អប្បភោគោ បានដល់ វៀរចាក គ្រឿងប្រើប្រាស់ ។ បទថា អប្បេសក្ខោ បានដល់ មានបរិវារតិច ។ បទថា អឌ្ឍោ បានដល់ ជាឥស្សរៈ ។ បទថា មហទ្ធនោ បានដល់ មានទ្រព្យច្រើន ដោយទ្រព្យសម្រាប់ប្រើប្រាស់ ។ បទថា មហាភោគោ គឺមានភោគៈច្រើន ដោយភោគៈជាគ្រឿងឧបភោគបរិភោគ ។ បទថា មហេសក្ខោ គឺមានបរិវារ ច្រើន ។ បទថា អភិរូបេ គឺមានរូបស្អាត ។ បទថា ទស្សនីយោ គឺគួរ មើល ។ បទថា បសាទិកោ គឺមានចិត្តជ្រះថ្លាដោយការមើល ។ បទថា វណ្ណបេក្ខរតាយ គឺដោយពណ៌សម្បុរ ទ្រង់ទ្រាយនៃសរីរៈ ។ បទថា អភិសជ្ជតិ ប្រែថា អាក់អន់ ។ បទថា ព្យាបជ្ជតិ បានដល់ លះប្រក្រតី ។ បទថា បដិត្ថីយតិ បានដល់ ដល់នូវភាពជាអ្នករួញរា និង រឹងត្អឹងដោយសេចក្តីក្រោធ ។ បទថា ន ទាតា ហោតិ គឺជាស្រីមិនឲ្យ ។ ក្នុងបទថា សេយ្យាវសថប្បទីបេយ្យំ នេះ ទីដេក គឺគ្រែ និងបន្ទះក្តារជាដើម ឈ្មោះថា សេយ្យ ។ ផ្ទះ ទីនៅអាស្រ័យ ឈ្មោះថា អាវសថ ។ គ្រឿង ប្រកបប្រទីប ដែលមានប្រឆេះ និងប្រេងជាដើម លោកហៅថា បទីបេយ្យំ ។