អត្តន្តបសូត្រ

ក្បាលទី 28 · ទំព័រ 529

គប្បីជ្រាបវិនិច្ឆ័យក្នុងអត្តន្តបសូត្រទី ៨ ដូចតទៅនេះ បទថា អត្តន្តបេ ជាដើម ឈ្មោះថា ធ្វើខ្លួនឲ្យក្តៅក្រហាយ ព្រោះដុតខ្លួន គឺធ្វើខ្លួន ឲ្យដល់នូវទុក្ខ ។ ការប្រកបសេចក្តីព្យាយាមធ្វើខ្លួនឯងឲ្យក្តៅក្រហាយ ឈ្មោះ ថា ការខ្វល់ខ្វាយក្នុងការធ្វើខ្លួនឲ្យក្តៅក្រហាយ ឈ្មោះថា ធ្វើអ្នកដទៃឲ្យក្តៅក្រហាយ ព្រោះដុតអ្នកដទៃ ។ ការប្រកបសេចក្តីព្យាយាម ធ្វើអ្នកដទៃឲ្យ ក្តៅក្រហាយ ឈ្មោះថា ការខ្វល់ខ្វាយក្នុងការធ្វើអ្នកដទៃឲ្យក្តៅក្រហាយ ។ បទថា ទិដ្ឋេវ ធម្មេ បានដល់ ក្នុងអត្តភាពនេះឯង ។ ក្នុងបទថា និច្ឆាតោ តណ្ហា លោកហៅថា ឆាត ឈ្មោះថា និច្ឆាត ព្រោះមិនមានតណ្ហា ។ ឈ្មោះថា និព្វុត ព្រោះកិលេសទាំងអស់រលត់ ។ ឈ្មោះថា សីតិភូត ព្រោះជាអ្នកត្រជាក់ ព្រោះមិនមានកិលេសដុតខាងក្នុង ។ ឈ្មោះថា សុខប្បដិសំវេទី ព្រោះសោយសុខក្នុងឈាន មគ្គ ផល និងនិព្វាន ។ បទថា ព្រហ្មភូតេន អត្តនា បានដល់ មានខ្លួនប្រសើរ ។ បទជាដើមថា អចេលកោ មានអត្ថដូចបានពោលហើយ ។ ក្នុងបទមានការសម្លាប់ពពែជាដើម ពពែ លោកហៅថា ឧរព្ភា ឈ្មោះ ថា ឱរព្ភិក ព្រោះសម្លាប់ពពែ ។