សិក្ខាបទសូត្រទី ១ ជាដើម
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវអសប្បុរសផង នូវអសប្បុរសក្រៃលែងជាងអសប្បុរសផង នូវសប្បុរសផង នូវសប្បុរស ក្រៃលែងជាងសប្បុរសផង ចំពោះអ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវពាក្យនោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុ ទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះ អសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាម ទាំងឡាយ និយាយពាក្យកុហក ផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែល ជាទីតាំងនៃសេចក្តីប្រមាទ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស ។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរសក្រៃលែងជាងអសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វដោយខ្លួន ឯងផង ទាំងបបួលជនដទៃក្នុងការសម្លាប់សត្វផង កាន់យកទ្រព្យដែលគេ មិនបានឲ្យដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការកាន់យកទ្រព្យ ដែល គេមិនបានឲ្យផង ប្រព្រឹត្តខុសក្នុងកាមទាំងឡាយដោយខ្លួនឯងផង ទាំង បបួលជនដទៃ ក្នុងការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយផង និយាយកុហក ដោយខ្លួនឯងផង ទាំងបបួលជនដទៃក្នុងការនិយាយកុហកផង ផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំងនៃសេចក្តីប្រមាទដោយខ្លួនឯងផង ទាំងបបួល ជនដទៃ ក្នុងការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំងនៃសេចក្តីប្រមាទ ផង ។