សង្ខិត្តសូត្រ

ក្បាលទី 28 · ទំព័រ 617

ម្នាលភិក្ខុទាំងឡាយ កម្ម ៤ យ៉ាងនេះ តថាគតបានធ្វើឲ្យ ជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់ ។ កម្ម ៤ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ មានវិបាកខ្មៅក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មស មានវិបាកសក៏មាន ម្នាលភិក្ខុទាំងឡាយ កម្ម ទាំងខ្មៅទាំងស មានវិបាកទាំងខ្មៅទាំងសក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មមិន ខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅដើម្បីអស់កម្មក៏មាន ។ ម្នាល ភិក្ខុទាំងឡាយ កម្មទាំង ៤ ប្រភេទនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយ ប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយប្រកាសប្រាប់ ។