វិត្ថារសូត្រ
ម្នាលភិក្ខុទាំងឡាយ កម្ម ៤ យ៉ាងនេះ តថាគតបានធ្វើឲ្យ ជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់ ។ កម្ម ៤ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅមានវិបាកខ្មៅក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មសមានវិបាកសក៏មាន ម្នាលភិក្ខុទាំងឡាយ កម្ម ទាំងខ្មៅទាំងស មានវិបាកទាំងខ្មៅទាំងស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្ម មិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅដើម្បីអស់កម្មក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មខ្មៅ មានវិបាកខ្មៅ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ ប្រកបដោយ ទោស តាក់តែងវិចីសង្ខារ ប្រកបដោយទោស តាក់តែងមនោសង្ខារ ប្រកបដោយ ទោស លុះបុគ្គលនោះតាក់តែងកាយសង្ខារ ប្រកបដោយទោស តាក់តែង វចីសង្ខារ ប្រកបដោយទោស តាក់តែងមនោសង្ខារ ប្រកបដោយទោស ហើយ រមែងចូលទៅកាន់លោក ដែលប្រកបដោយទុក្ខ ។ ផស្សៈទាំងឡាយ ប្រកបដោយទុក្ខ រមែងពាល់ត្រូវនូវបុគ្គលនោះ ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខ ។ បុគ្គលនោះ កាលផស្សៈទាំងឡាយ ប្រកបដោយទុក្ខ ពាល់ត្រូវហើយ រមែងរងវេទនាប្រកបដោយទុក្ខ មានសេចក្តីលំបាកដោយ ពិត ដូចពួកសត្វដែលកើតក្នុងនរក ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្ម ខ្មៅមានវិបាកខ្មៅ ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មស មានវិបាកស តើដូច ម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ មិនមានទោស តាក់តែងវចីសង្ខារ មិនមានទោស តាក់តែងមនោសង្ខារ មិនមានទោស ។ លុះបុគ្គលនោះ តាក់តែងកាយសង្ខារ មិនមាន ទោស តាក់តែងវចីសង្ខារ មិនមានទោស តាក់តែងមនោសង្ខារ មិនមាន ទោស រមែងចូលទៅកាន់លោកដែលមិនមានទុក្ខ ។