អដ្ឋកថាសោណកាយនសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសោណកាយតនសូត្រទី ៣ ដូចតទៅ បទថា សិខាមោគ្គល្លានោ បានដល់ ព្រាហ្មណ៍មោគ្គល្លានគោត្រ ដែល មានផ្នួងសក់ធំតាំងនៅត្រង់កណ្តាលក្បាល ។ បទថា បុរិមានិ បានដល់ ថ្ងៃ មុន តាំងអំពីថ្ងៃដែលកន្លងទៅហើយ ។ គប្បីជ្រាបថ្ងៃក្រៃលែងជាងថ្ងៃមុន ចាប់តាំងអំពីថ្ងៃទី ២ ជាដើម ។ បទថា សោណកាយនោ បានដល់ អន្តេវាសិករបស់ព្រាហ្មណ៍នោះឯង ។ បទថា កម្មសច្ចាយំ ភោ លោកោ បានដល់ លោកនេះមានកម្មជាសភាវៈ ។ បទថា កម្មសមារម្ភដ្ឋាយី សេចក្តីថា លោកនេះតាំងនៅដោយការសាងកម្ម គឺតាក់តែងកម្ម តាំងនៅ មិនមែនមិនតាក់តែង ។ ពាក្យថា ឧច្ឆិជ្ជតិ គឺសម្តែង ។ ពាក្យដ៏សេស មាន ន័យដូចពោលហើយ ខាងដើមនោះឯង ។ ម្នាលភិក្ខុទាំងឡាយ កម្ម ៤ យ៉ាងនេះ តថាគតបានធ្វើឲ្យ ជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយប្រកាសប្រាប់ ។ កម្ម ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅមានវិបាកខ្មៅក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មសមានវិបាកសក៏មាន ម្នាលភិក្ខុទាំងឡាយ កម្ម ទាំងខ្មៅទាំងស មានវិបាកទាំងខ្មៅទាំងសក៏មាន ម្នាលភិក្ខុទាំងឡាយ កម្ម មិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅដើម្បីអស់កម្មក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មខ្មៅ មានវិបាកខ្មៅ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ជាអ្នកលួចទ្រព្យគេ ជាអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ជាអ្នកនិយាយកុហក ជាអ្នកផឹកនូវទឹក ស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ។