អដ្ឋកថាសមណសូត្រ

ក្បាលទី 28 · ទំព័រ 637

គប្បីជ្រាបវិនិច្ឆ័យក្នុងក្នុងសមណសូត្រទី ១០ ដូចតទៅនេះ បទថា ឥធេវ គឺក្នុងសាសនានេះបុណ្ណោះ ។ ការមិនពិតប្រាកដនេះ គប្បី ជ្រាបក្នុងបទដ៏សេស ។ ពិតហើយ សមណៈទី ២ ជាដើម ក៏មាននៅក្នុង សាសនានេះបុណ្ណោះ មិនមានក្នុងសាសនាដទៃ ។ បទថា សុញ្ញា ប្រែថា ទទេ ។ បទថា បរប្បវាទា បានដល់ ទិដ្ឋិ ៦២ ដែលមកហើយ ក្នុង ព្រហ្មជាលសូត្រទាំងអស់ គឺសស្សតវាទ ៤ ឯកច្ចសស្សតិកៈ ៤ អន្តានន្តិកៈ ៤ អមរាវិក្ខេបិកៈ ៤ អធិច្ចសមុប្បន្នុិកៈ ២ សញ្ញីវាទ ១៦ អសញ្ញីវាទ ៨ នេវសញ្ញីនាសញ្ញីវាទ ៨ ឧច្ឆេទវាទ ៧ ទិដ្ឋធម្មនិព្វានវាទ ៥ វាទៈរបស់អ្នកដទៃ ក្រៅអំពីធម្មវិន័យនេះ ឈ្មោះបរប្បវាទ ។ វាទៈទាំងអស់ នោះ ទទេចាកសមណៈដែលតាំងនៅក្នុងផល ៤ នេះ ទាំងវាទៈទាំងនោះ ក៏មិនមានក្នុងធម្មវិន័យនេះ ។ ម្យ៉ាងទៀត វាទៈទាំងនោះ មិនមែន ទទេចាកសមណៈទាំងនេះតែម្យ៉ាងបុណ្ណោះទេ ថែមទាំងទទេចាកសមណៈ ១២ គឺសមណៈតាំងនៅក្នុងមគ្គ ៤ ខ្លះ សមណៈដែលប្រារព្ធវិបស្សនា ដើម្បីជាប្រយោជន៍ដល់មគ្គ ៤ ខ្លះ ។ ព្រះមានព្រះភាគ ត្រាស់សំដៅ សេចក្តីនេះ ទើបត្រាស់ក្នុងមហាបរិនិព្វានសូត្រថា ម្នាលសុភទ្ទ កាលតថាគតមានវ័យ ២៩ ឆ្នាំ បានបួសហើយ ជាអ្នក ស្វែងរកនូវកុសល ( សព្វញ្ញុតញ្ញាណ ) ម្នាលសុភទ្ទ កាលណាបើ តថាគតបួសបានជាង ៥០ ឆ្នាំ ហើយញ៉ាំងប្រទេស គឺវិបស្សនាមគ្គ ឲ្យ ប្រព្រឹត្តទៅជាប្រក្រតី ដើម្បីធម៌ដែលគួរត្រាស់ដឹង គឺអរិយមគ្គ ព្រោះ ហេតុនោះ សមណៈ ( ទី ១ ) ខាងក្រៅអំពីសាសនានៃតថាគតនេះ មិនមានឡើយ ។ សមណៈទី ២ ក៏មិនមាន សមណៈទី ៣ ក៏មិនមាន សមណៈទី ៤ ក៏មិនមាន លទ្ធិដទៃ ទទេចាកសមណៈអ្នកត្រាស់ដឹង ។