អដ្ឋកថាសង្ឃភេទសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ឃភេទសូត្រទី ១ នៃអាបត្តិភយវគ្គទី ៥ ដូចតទៅនេះ បទថា អបិ នុ តំ អានន្ទ អធិករណំ សេចក្តីថា បណ្តា អធិករណ៍ ៤ មានវិវាទាធិករណ៍ជាដើម អធិករណ៍ណាមួយកើតឡើង ហើយដល់ភិក្ខុសង្ឃ ព្រះសាស្តាកាលសួរដល់រឿងអធិករណ៍នោះស្ងប់ហើយ ទើបត្រាស់យ៉ាងនេះ ។ បទថា កុតោ តំ ភន្តេ សេចក្តីថា ព្រះអានន្ទក្រាប ទូលថា បពិត្រព្រះអង្គដ៏ចម្រើន អធិករណ៍នោះ រម្ងាប់ក្នុងទីណាបាន អធិករណ៍នោះរម្ងាប់បានដោយហេតុអ្វី ។ បទថា កេវលកប្បំ បានដល់ ចំណែកមួយ ។ បទថា សង្ឃភេទាយ ឋិតោ បានដល់ ព្រះពាហិយៈនៅ ឈរក្រាញ ពោលនូវវាទៈជាមួយសង្ឃ ។ បទថា តត្ថាយស្មា សេចក្តីថា កាលព្រះពាហិយៈនោះឈរក្រាញយ៉ាងនេះ ព្រះអនុរុទ្ធ ។ បទថា ន ឯកវាចិកំបិ ភណិតព្វំ មញ្ញតិ សេចក្តីថា ព្រះអនុរុទ្ធមិនយកធុរៈដែលនឹង ពោលថា អាវុសោ លោកកុំពោលយ៉ាងនេះនឹងសង្ឃឡើយ ។ បទថា វោយុញ្ជតិ បានដល់ ខ្វល់ខ្វាយ គឺតាំងសេចក្តីព្យាយាម ។ បទថា អត្ថវសេ ប្រែថា អំណាចនៃហេតុ ។ បទថា នាសេស្សន្តិ បានដល់ ភិក្ខុទាំងឡាយ មិនឲ្យខ្ញុំចូលទៅ ច្រានខ្ញុំចេញទៅចាកឧបោសថ និងបវារណា ។ បទដ៏ សេស គប្បីជ្រាបតាមបាលីនោះឯង ។