អាបត្តិសូត្រ

ក្បាលទី 28 · ទំព័រ 645

ម្នាលភិក្ខុទាំងឡាយ ភ័យកើតព្រោះអាបត្តិនេះមាន ៤ យ៉ាង ។ ភ័យ ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចរាជបុរសចាប់ចោរ ប្រព្រឹត្តអាក្រក់ មកថ្វាយព្រះរាជា ហើយក្រាបទូលថា សូមទ្រង់ព្រះមេត្តា ប្រោស បុរសនេះ ជាចោរប្រព្រឹត្តអាក្រក់ សូមទ្រង់ដាក់ព្រះរាជអាជ្ញាចោរ នេះ ។ ព្រះរាជាទ្រង់ត្រាស់នឹងរាជបុរសនោះយ៉ាងនេះថា នែប្រស្តែង ចូរ អ្នកទាំងឡាយ នាំគ្នាទៅចាប់បុរសនេះ ចងស្លាបសេកឲ្យខ្ជាប់ ដោយខ្សែ ដ៏មាំ ហើយកោរត្រងោល ទូងស្គរជ័យដែលមានសំឡេងឮខ្លាំង នាំបណ្តើរ អាក្រោស សព្វច្រកសព្វផ្លូវត្រឡែងកែង រួចនាំចេញតាមទ្វារខាងត្បូង ហើយ កាត់ក្បាលខាងត្បូងព្រះនគរ ។ រាជបុរសទាំងឡាយ ក៏ចាប់បុរសនោះចង ស្លាបសេកឲ្យខ្ជាប់ដោយខ្សែដ៏មាំ ហើយកោរត្រងោល ទូងស្គរដែលមាន សំឡេងឮខ្លាំង នាំបណ្តើរអាក្រោស សព្វច្រកសព្វផ្លូវត្រឡែងកែង រួចនាំ ចេញតាមទ្វារខាងត្បូង ហើយកាត់ក្បាលខាងត្បូងព្រះនគរ ។ ក្នុងទីនោះមាន បុរស ១ នាក់ឈរក្នុងទីខ្ពស់ មានសេចក្តីត្រិះរិះយ៉ាងនេះថា បុរសនេះបាន ធ្វើអំពើអាក្រក់ ជាអំពើគួរតិះដៀល គួរគេកាត់ក្បាលទៅហើយហ្ន៎ មើលចុះ ហ្ន៎ រាជបុរសចាប់បុរសនោះ ចងស្លាបសេកឲ្យខ្ជាប់ដោយខ្សែដ៏មាំ ហើយ កោរត្រងោល ទូងស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរអាក្រោស សព្វច្រកសព្វផ្លូវត្រឡែងកែង រួចនាំចេញតាមទ្វារខាងត្បូង ហើយកាត់ ក្បាលខាងត្បូងព្រះនគរ ឱ បុរសនេះ មិនគួរនឹងធ្វើបាបកម្ម ជាអំពើគួរដល់ កិរិយាកាត់ក្បាល ដែលមានសភាពយ៉ាងនេះសោះឡើយ ។