អដ្ឋកថាសិក្ខានិសំសសូត្រ

ក្បាលទី 28 · ទំព័រ 654

គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខានិសំសសូត្រទី ៣ ដូចតទៅនេះ ព្រហ្មចរិយៈ ឈ្មោះថា សិក្ខានិសំស ព្រោះមានសិក្ខាជាអានិសង្ស ។ ឈ្មោះថា បញ្ញុត្តរ ព្រោះមានបញ្ញាជាកំពូល ។ ឈ្មោះថា វិមុត្តិសារ ព្រោះមានវិមុត្តិជាខ្លឹម ។ ឈ្មោះថា សតាធិបត្តេយ្យ ព្រោះមានសតិជាធំ ។ លោកអធិប្បាយថា ព្រហ្មចរិយៈដែលនៅប្រព្រឹត្តដើម្បីប្រយោជន៍ដល់ អានិសង្សជាដើម ដែលបានដល់សិក្ខាជាដើមនោះ ។ បទថា អភិសមាចារិកា បានដល់ សិក្ខាទាក់ទងដោយអភិសមាចារដ៏ឧត្តម ។ បទនេះ ជា ឈ្មោះនៃសីល ដែលទ្រង់បញ្ញត្ត ជាបដិបទា ។ បទថា តថា តថា សោ តស្សា សិក្ខាយ សេចក្តីថា ភិក្ខុនោះជាអ្នកប្រាថ្នាសិក្សាក្នុងសិក្ខាបទនោះ យ៉ាងនោះៗ ។ បទថា អាទិព្រហ្មចរិយកា នេះ ជាឈ្មោះនៃមហាសីល ៤ ដែលជាខាងដើមរបស់ព្រហ្មចរិយៈ ។ បទថា សព្វសោ ប្រែថា ដោយ អាការទាំងពួង ។ បទថា ធម្មា បានដល់ សច្ចធម៌ ៤ ។ បទថា បញ្ញាយ សមវេក្ខិតា ហោន្តិ សេចក្តីថា ធម៌ទាំងឡាយ ឈ្មោះថា សាវ័កពិចារណា ឃើញដោយល្អ ដោយមគ្គប្បញ្ញា សមាធិ និងវិបស្សនា ។ បទថា វិមុត្តិយា ផុសិតា ហោន្តិ បានដល់ ធម៌ទាំងឡាយដែលសាវ័កពាល់ត្រូវដោយផស្សៈ គឺញាណនៃវិមុត្តិ គឺអរហត្តផល ។ បទថា អជ្ឈត្តំយេវ សតិ សុបដ្ឋិតា ហោតិ សេចក្តីថា សតិ ដែលសាវ័កចូលទៅតាំងដោយល្អខាងក្នុងខ្លួននោះ ឯង ។ បទថា បញ្ញាយ អនុគ្គហេស្សាមិ សេចក្តីថា តថាគតនឹងផ្គង ដោយវិបស្សនាបញ្ញា ។ ក្នុងបទថា បញ្ញាយ សមវេក្ខិស្សាមិ នេះ លោក បំណងយកវិបស្សនាបញ្ញា តែក្នុងបទនេះថា ផុសិតំ វា ធម្មំ តត្ថ តត្ថ បញ្ញាយ អនុគ្គហេស្សាមិ ប្រែថា តថាគតផ្គងធម៌ដែលបានពាល់ត្រូវហើយ ដោយបញ្ញាក្នុងទីនោះៗ លោកបំណងយកមគ្គប្បញ្ញាតែម្យ៉ាង ។