អដ្ឋកថាសេយ្យសូត្រ

ក្បាលទី 28 · ទំព័រ 657

គប្បីជ្រាបវិនិច្ឆ័យក្នុងសេយ្យសូត្រទី ៤ ដូចតទៅនេះថា មនុស្សស្លាប់ហើយ លោកហៅថា បេត ។ បទថា ឧត្តានា សេន្តិ បានដល់ អ្នកស្លាប់ទាំងនោះ ដោយច្រើនដេកផ្ងារ ។ ម្យ៉ាងទៀត សត្វដែលកើតក្នុង បិត្តិវិស័យ ឈ្មោះថា បេត ប្រេតទាំងនោះ ជាអ្នកមានសាច់ និងឈាម តិច មានឆ្អឹងឡើងរគាម មិនអាចដេកផ្អៀងបាន ទើបដេកផ្ងារតែម្យ៉ាង ។ បទថា អនត្តមនោ ហោតិ សេចក្តីថា សីហមិគរាជ ព្រោះជាសត្វ មានអំណាចច្រើន ដាក់ជើងមុខ និងជើងក្រោយទុកមួយកន្លែង សកកន្ទុយ ក្នុងចន្លោះភ្លៅ កំណត់ឱកាសដែលជើងមុខ ជើងក្រោយ និងកន្ទុយ ដាក់ ក្បាលលើជើងមុខទាំង ២ ហើយដេកអស់មួយថ្ងៃ កាលដេកលក់ភ្ញាក់ឡើង ក៏មិនភ្ញាក់ដោយភ្ញាក់ផ្អើល អើតក្បាលឡើង សង្កេតឱកាសដែលជើងមុខ ជាដើមដាក់ បើឃ្លាតចាកទី គឺមិននៅដូចពីមុន ក៏មិនពេញចិត្ត ទូន្មានខ្លួនថា នេះមិនសមគួរដល់ជាតិ ត្រកូលរបស់អ្នក មិនសមគួរដល់ភាពជាអ្នកក្លាហាន ដូច្នេះ ទើបដេកក្នុងទីនោះបន្តទៀត មិនចេញទៅស្វែងរកអាហារ ។ បទថា អនត្តមនោ ហោតិ លោកពោលសំដៅយកសេចក្តីនេះ ។ តែក្នុងកាលណា ជើងមុខជើងក្រោយមិនឃ្លាតចាកទី ទើបសីហមិគរាជត្រេកអរថា នេះសម គួរដល់ជាតិ ត្រកូលរបស់អ្នក និងសមគួរដល់ភាពជាអ្នកក្លាហានរបស់អ្នក ហើយក្រោកអំពីទីនោះ ពត់កាយ រលាស់កេសរ បន្លឺសីហនាទ ៣ ដង ហើយទើបចេញរកអាហារ ។ បទថា អត្តមនោ ហោតិ លោកពោល ដោយមាតិកានោះ ។