អដ្ឋកថា បឋមអាជានីយសូត្រ

ក្បាលទី 28 · ទំព័រ 674

ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ព្រះរាជា ប្រកបដោយអង្គ ៤ គួរដល់ព្រះរាជា ជារាជភោគ្គៈ រាប់ថា ជាអង្គរបស់ ព្រះរាជាបាន ។ អង្គ ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អស្សាជានីយៈ ដ៏ប្រសើររបស់ព្រះរាជា ក្នុងលោកនេះ ជាសេះបរិបូណ៌ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយល្បឿន ១ បរិបូណ៌ដោយកម្ពស់ និងទំហំ ១ ។ ម្នាលភិក្ខុទាំងឡាយ អស្សាជានីយៈដ៏ប្រសើររបស់ព្រះរាជា ប្រកបដោយអង្គ ៤ នេះ ទើបគួរដល់ព្រះរាជា ជារាជភោគ្គៈ រាប់ថាជាអង្គ របស់ព្រះរាជាបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ ក៏យ៉ាងនោះដែរ ទើបជាអ្នកគួរទទួលវត្ថុ ដែលគេបង្អោនចូលមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ដោយល្បឿន ១ បរិបូណ៌ដោយកម្ពស់ និងទំហំ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបរិបូណ៌ដោយសម្បុរ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ។ បេ ។ សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នក បរិបូណ៌ដោយសម្បុរ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នក បរិបូណ៌ដោយកម្លាំង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ជាអ្នកប្រារព្ធសេចក្តីព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ឲ្យ កុសលទាំងឡាយកើតឡើង ខំព្យាយាមខ្នះខ្នែង មិនលះបង់ធុរៈក្នុងកុសលធម៌ ទាំងឡាយ ។