សង្ខិត្តសូត្រ

ក្បាលទី 28 · ទំព័រ 690

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុង ទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុ ទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាល ភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលនេះ មាន ៥ យ៉ាង ។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ ។ គឺកម្លាំងសទ្ធា ១ កម្លាំងហិរិ ១ កម្លាំងឱត្តប្បៈ ១ កម្លាំង វីរិយៈ ១ កម្លាំងបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គល មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង សាសនានេះ គួរសិក្សាយ៉ាងនេះថា យើងគួរជាអ្នកប្រកបដោយកម្លាំងសទ្ធា ដែលជាកម្លាំងរបស់សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងហិរិ ដែលជា កម្លាំងរបស់សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងឱត្តប្បៈ ដែលជាកម្លាំង របស់សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងវីរិយៈ ដែលជាកម្លាំងរបស់ សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងបញ្ញា ដែលជាកម្លាំងរបស់សេក្ខបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង ។