ភតសូត្រ មិនមានអដ្ឋកថា

ក្បាលទី 28 · ទំព័រ 698

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ ទៅក្នុងនរក ដូចគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសទ្ធា ១ មិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ជាអ្នកខ្ជិល ១ អប្បឥតបញ្ញា ១ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៥ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅតម្កល់ទុក ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក មានសទ្ធា ១ មានហិរិ ១ មានឱត្តប្បៈ ១ មានវីរិយៈប្រារព្ធ ១ មានបញ្ញា ១ ។