កូដសូត្រ

ក្បាលទី 28 · ទំព័រ 714

ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលនេះមាន ៥ យ៉ាង ។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ ។ គឺកម្លាំងសទ្ធា ១ កម្លាំងហិរិ ១ កម្លាំង ឱត្តប្បៈ ១ កម្លាំងវីរិយៈ ១ កម្លាំងបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំង របស់សេក្ខបុគ្គលមាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំង របស់សេក្ខបុគ្គលទាំង ៥ នេះ កម្លាំងបញ្ញាជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំ ព្រម ជាទីអបស្ទប ( នៃកម្លាំងទាំងពួង ) ម្នាលភិក្ខុទាំងឡាយ ដូចផ្ទះកំពូល មានកំពូលជារបស់ប្រសើរ ជាទីប្រជុំព្រម ជាទីអបស្ទប ( នៃទព្វសម្ភារៈ ទាំងពួង ) មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំងរបស់ សេក្ខបុគ្គលទាំង ៥ យ៉ាងនេះ កម្លាំងបញ្ញាជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប ( នៃកម្លាំងទាំងពួង ) ក៏មានឧបមេយ្យដូច្នោះឯង ។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើង គួរជាអ្នកប្រកបដោយកម្លាំងសទ្ធា ដែលជាកម្លាំងរបស់សេក្ខបុគ្គល គួរជាអ្នក ប្រកបដោយកម្លាំងហិរិ … កម្លាំងឱត្តប្បៈ … កម្លាំងវីរិយៈ … កម្លាំងបញ្ញា ដែល ជាកម្លាំងរបស់សេក្ខបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សា យ៉ាងនេះឯង ។