វិត្ថតសូត្រ

ក្បាលទី 28 · ទំព័រ 716

ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ៥ យ៉ាង ។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ ។ គឺកម្លាំងសទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំង សមាធិ ១ កម្លាំងបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសទ្ធា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿ ពោធិញ្ញាណរបស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយ ស្មើគ្មាន ជាសារថីទូន្មាននូវបុរសដែលគួរទូន្មាន ជាគ្រូនៃទេវតា និងមនុស្ស ទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងត្រឡប់មកកាន់ភពថ្មី ទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងសទ្ធា ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងវីរិយៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនា នេះ ជាអ្នកប្រារព្ធសេចក្តីព្យាយាម ដើម្បីលះបង់នូវអកុសលធម៌ ដើម្បី ញ៉ាំងកុសលធម៌ឲ្យកើតឡើង ជាអ្នកមានកម្លាំងចិត្ត មានសេចក្តីប្រឹងប្រែង ដ៏មុតមាំ មិនដាក់ធុរៈចោលក្នុងកុសលធម៌ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងវីរិយៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសតិ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមានសតិប្រកបដោយ បញ្ញា ដែលមានសតិជាជំនួយដ៏ប្រសើរ ជាអ្នករពឫកនឹកឃើញជាក់នូវអំពើ ដែលធ្វើរួចយូរហើយខ្លះ នូវសម្តីដែលពោលរួចយូរហើយខ្លះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងសតិ ។