ចតុត្ថហិតសូត្រ និងអដ្ឋកថា

ក្បាលទី 28 · ទំព័រ 727

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯងផង ដើម្បីប្រយោជន៍អ្នកដទៃផង ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកបំពេញសីលដោយខ្លួនឯងផង បបួលអ្នកដទៃក្នុងការបំពេញ សីលផង ១ ជាអ្នកបំពេញសមាធិដោយខ្លួនឯងផង បបួលអ្នកដទៃ ក្នុងការបំពេញសមាធិផង ១ ជាអ្នកបំពេញបញ្ញាដោយខ្លួនឯងផង បបួលអ្នកដទៃ ក្នុងការបំពេញបញ្ញាផង ១ ជាអ្នកបំពេញវិមុត្តិធម៌ដោយខ្លួនឯងផង បបួល អ្នកដទៃក្នុងការបំពេញវិមុត្តិធម៌ផង ១ ជាអ្នកបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង បបួលអ្នកដទៃក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈផង ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា ជាអ្នក ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯងផង ដើម្បីប្រយោជន៍អ្នកដទៃផង ។ ពលវគ្គទី ២ ចប់ ឧទ្ទាននៃពលវគ្គនោះគឺ សម្តែងអំពីព្រះដ៏មានព្រះភាគ ត្រាស់ដឹងសច្ចៈ ៤ ដែល មិនធ្លាប់ឮមក ១ អំពីកម្លាំងបញ្ញាប្រៀបដូចកំពូលផ្ទះ ១ អំពីកម្លាំង ៥ យ៉ាងដោយសង្ខេប ១ ដោយពិស្តារ ១ អំពីកម្លាំង ៥ គប្បីឃើញក្នុងទីដូចម្តេច ១ អំពីកម្លាំងបញ្ញា ប្រៀបដូចកំពូលផ្ទះម្តងទៀត ១ អំពីភិក្ខុជាអ្នកប្រព្រឹត្តដើម្បី ប្រយោជន៍ មាន ៤ លើក ។ ៥