អដ្ឋកថាបឋមគារវសូត្រ
ក្បាលទី 28 · ទំព័រ 730
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមគារវសូត្រទី ១ នៃបញ្ចង្គិកវគ្គទី ៣ ដូចតទៅនេះ បទថា អសភាគវុត្តកោ បានដល់ ប្រកបដោយការធ្វើ ជីវិតឲ្យប្រព្រឹត្តទៅមិនបុនគ្នា មិនស្មើគ្នា ។ បទថា អភិសមាចារិកំ ធម្មំ បានដល់ សីលដែលបញ្ញត្តជាវត្ត ដែលជាអភិសមាចារដ៏ខ្ពង់ខ្ពស់ ។ បទថា សេក្ខំ ធម្មំ បានដល់ សីលដែលជាបញ្ញត្តរបស់ព្រះសេក្ខៈ ។ បទថា សីលានិ បានដល់ មហាសីល ៤ ។ បទថា សម្មាទិដ្ឋឹ បានដល់ សម្មាទិដ្ឋិ លំដាប់វិបស្សនា ។ បទថា សម្មាសមាធឹ បានដល់ មគ្គសមាធិ និង ផលសមាធិ ។ ក្នុងសូត្រនេះ ត្រាស់សីលជាដើមលាយគ្នា ។