ឧបក្កិលេសសូត្រ
ម្នាលភិក្ខុទាំងឡាយ មាសសៅហ្មងដោយឧបក្កិលេសណាជា របស់មិនទន់ផង មិនគួរដល់ការងារផង មិនមានរស្មីផង ជារបស់ប្រេះឆា ផង មិនងាយនឹងប្រកបការដោយស្រួលផង ឯឧបក្កិលេសនៃមាសនេះ មាន ៥ យ៉ាង ។ ឧបក្កិលេសនៃមាស ៥ យ៉ាង តើអ្វីខ្លះ ។ គឺដែក ១ ស្ពាន់ ១ សំណភក់ ១ សំណប៉ាហាំង ១ ប្រាក់ ១ ។ ម្នាលភិក្ខុទាំងឡាយ មាស ដែលសៅហ្មងដោយឧបក្កិលេសណា ជារបស់មិនទន់ផង មិនគួរដល់ការងារ ផង មិនមានរស្មីផង ជារបស់ប្រេះឆាផង មិនងាយនឹងប្រកបការដោយ ស្រួលផង ឧបក្កិលេសនៃមាសមាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើមាសផុតស្រឡះចាកឧបក្កិលេសទាំង ៥ យ៉ាងនេះ ហើយ មាសនោះ ទើបជារបស់ទន់ផង គួរដល់ការងារផង មានរស្មីផង មិន ប្រេះឆាផង ងាយនឹងប្រកបការដោយស្រួលផង បុគ្គលណាមួយ ប្រាថ្នា គ្រឿងប្រដាប់ប្លែក ទោះបីចិញ្ចៀន ទោះបីកុណ្ឌល ទោះបីខ្សែក ឬសង្វារមាស ក៏គ្រឿងប្រដាប់ប្លែកៗ នោះ តែងសម្រេចប្រយោជន៍ដល់បុគ្គលនោះ ( សេចក្តី នេះមានឧបមាដូចម្តេចមិញ ) ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចចិត្ត ដែលសៅហ្មងដោយឧបក្កិលេសណាជា ធម្មជាតមិនទន់ផង មិនគួរដល់ ភាវនាកម្មផង មិនមានរស្មីផង ជាចិត្តប្រេះឆាផង មិនងាយនឹងតម្កល់មាំ ដើម្បីអស់អាសវៈផង ឯឧបក្កិលេសនៃចិត្តនេះ មាន ៥ យ៉ាង ។ ឧបក្កិលេសនៃចិត្ត ៥ តើអ្វីខ្លះ ។ គឺកាមឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចកុក្កុច្ចៈ ១ វិចិកិច្ឆា ១ ។ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មងដោយ ឧបក្កិលេសណា ជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានរស្មីផង ជាចិត្តប្រេះឆាផង មិនងាយនឹងតម្កល់មាំដើម្បីអស់អាសវៈផង ឧបក្កិលេស នៃចិត្ត មាន ៥ យ៉ាងនេះឯង ។