អដ្ឋកថាអនុគ្គហសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអនុគ្គហសូត្រទី ៥ ដូចតទៅនេះ បទថា សម្មាទិដ្ឋិ បានដល់ សម្មាទិដ្ឋិថ្នាក់វិបស្សនា ។ បទថា ចេតោវិមុត្តិផលា ជាដើម សមាធិលំដាប់មគ្គផល ឈ្មោះថា ចេតោវិមុត្តិ ។ ផលញ្ញាណ ឈ្មោះថា បញ្ញវិមុត្តិ ។ បទថា សីលានុគ្គហិតា បានដល់ សម្មាទិដ្ឋិដែល សីលអនុគ្រោះតាមរក្សា ។ បទថា សុតានុគ្គហិតា បានដល់ សម្មាទិដ្ឋិ ដែលពាហុសច្ចឧបការៈ ។ បទថា សាកច្ឆានុគ្គហិតា បានដល់ សម្មាទិដ្ឋិ ដែលធម្មសាកច្ឆាឧបការៈ ។ បទថា សមថានុគ្គហិតា បានដល់ សម្មាសមាធិដែលឯកគ្គតាចិត្តឧបការៈ ។ តែដើម្បីឲ្យសេចក្តីនេះជាក់ច្បាស់ គប្បី លើកឧបមាបុរសដាំគ្រាប់ស្វាយផ្អែម បោះព្រំដែនដោយជុំវិញ ស្រោចទឹក តាមកាល ជម្រះឫសតាមកាល នាំសត្វដែលធ្លាក់ចុះទៅ ចេញតាមកាល ទាញសម្បុកពីងពាងចេញតាមកាល ហើយថែរក្សាស្វាយនោះ ។ សម្មាទិដ្ឋិ ថ្នាក់វិបស្សនា គប្បីឃើញដូចការដាំគ្រាប់ស្វាយផ្អែមរបស់បុរសនោះ ។ សីល ដែលឧបការៈ គប្បីឃើញដូចការបោះព្រំដែន សុតៈដែលឧបការៈ ដូចការ ស្រោចទឹក ការសន្ទនាធម៌ឧបការៈ ដូចការពូនគល់ សមថៈឧបការៈដោយ ការកម្ចាត់អន្តរាយនៃឈាន និងវិបស្សនា ដូចការនាំសត្វចេញ ការដែល វិបស្សនាមានកម្លាំងឧបការៈ ក៏ដូចការបោចសម្បុកពីងពាងចេញ ការដែល សម្មាទិដ្ឋិមានមូល ដែលគុណមានសីលជាដើមនេះឧបការៈហើយ ចម្រើន ដោយទិដ្ឋិជាមគ្គហើយ ឲ្យនូវចេតោវិមុត្តិផល និងបញ្ញាវិមុត្តិផលដោយរួសរាន់ គប្បីឃើញដូចដើមឈើ ដែលបុរសថែទាំយ៉ាងនេះ ចម្រើនលូតលាស់ ហើយឲ្យផលឆាប់រហ័ស ។