អដ្ឋកថាវិមុតិ្តសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងវិមុត្តិសូត្រទី ៦ ដូចតទៅនេះ បទថា វិមុត្តាយតនានិ ប្រែថា ហេតុនៃការរួចផុត ។ បទថា យត្ថ បានដល់ ក្នុង វិមុត្តាយតនៈណា ។ បទថា សត្ថា ធម្មំ ទេសេតិ បានដល់ ព្រះសាស្តា ទ្រង់សម្តែងសច្ចធម៌ ៤ ។ បទថា អត្ថប្បដិសំវេទិនោ បានដល់ ដឹងអត្ថនៃ បាលី ។ បទថា ធម្មប្បដិសំវេទិនោ បានដល់ ដឹងបាលី ។ បទថា បមុជ្ជំ បានដល់ បីតិយ៉ាងទន់ ។ បទថា បីតិ បានដល់ បីតិមានកម្លាំង ដែលជា អាការត្រេកអរ ។ បទថា កាយោ បានដល់ នាមកាយ ។ បទថា បស្សម្ភតិ គឺស្ងប់ស្ងៀម ។ បទថា សុខំ វេទេតិ បានដល់ សេចក្តីសុខ ។ បទថា ចិត្តំ សមាធិយតិ បានដល់ ចិត្តតាំងមាំដោយសមាធិថ្នាក់អរហត្តផល ពិតហើយ ភិក្ខុនេះ កាលស្តាប់ធម៌នោះ រមែងស្គាល់ឈានវិបស្សនា មគ្គ និងផល ដែលឈានជាដើមមកហើយ កាលភិក្ខុនោះដឹងយ៉ាងនេះ បីតិក៏កើត ក្នុងរវាងបីតិនោះ ភិក្ខុនោះក៏មិនរួញរា បំពេញឧបចារកម្មដ្ឋាន ចម្រើន វិបស្សនា ហើយរមែងសម្រេចអរហត្ត ។ ទ្រង់សំដៅដល់អរហត្តនោះ ទើប ត្រាស់ថា ចិត្តំ សមាធិយតិ ដូច្នេះ ។ ក្នុងបទដ៏សេស ក៏មានន័យដូចគ្នា ។ តែនេះជាការផ្សេងគ្នា ។ បទថា សមាធិនិមិត្តំ បានដល់ សមាធិក្នុង អារម្មណ៍ ៣៨ ណាមួយ ឈ្មោះថា សមាធិនិមិត្ត ក្នុងបទជាដើមថា សុគ្គហិតំ ហោតិ កម្មដ្ឋានដែលបុគ្គលរៀនក្នុងសំណាក់អាចារ្យ ឈ្មោះថា រៀនហើយដោយល្អ មនសិការដោយល្អ ចាំទុកដោយល្អ ។ បទថា សុប្បដិវិទ្ធំ បញ្ញាយ បានដល់ ធ្វើឲ្យប្រចក្សល្អ ដោយបញ្ញា ។ បទថា តស្មឹ ធម្មេ បានដល់ ក្នុងធម៌ គឺបាលីដែលមកនៃកម្មដ្ឋាននោះ ។ ក្នុងសូត្រ នេះត្រាស់វិមុត្តាយតនៈទាំង ៥ ដល់អរហត្ត ។