សមាធិសូត្រ
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគួរជាអ្នកប្រកបដោយ ប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចម្រើននូវសមាធិប្រមាណមិនបាន ( លោកុត្តរ ) ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយប្រកបដោយ ប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចម្រើននូវសមាធិប្រមាណមិនបាន ញាណ ( ការដឹង ) ៥ យ៉ាង ក៏រមែងកើតឡើងចំពោះខ្លួនមិនខាន ។ ញាណ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺញាណរមែងកើតឡើងចំពោះខ្លួនថា សមាធិនេះជាសុខ ក្នុងបច្ចុប្បន្នផង មានផលជាសុខតទៅផង ១ ញាណរមែងកើតឡើង ចំពោះខ្លួនថា សមាធិនេះប្រាសចាកអាមិសៈដ៏ប្រសើរ ១ ញាណរមែង កើតឡើងចំពោះខ្លួនថា សមាធិនេះបុរសល្អតែងសេពគប់ ១ ញាណរមែង កើតឡើងចំពោះខ្លួនថា សមាធិនេះល្អិតហ្មត់ចត់ ជាគុណនាំឲ្យបុគ្គលបាននូវ បដិប្បស្សទ្ធិ ( សេចក្តីស្ងប់ ) បាននូវឯកគ្គតារម្មណ៍ តែមិនទាន់បានដល់នូវ ការសង្កត់សង្កិន ឃាត់ហាមកិលេសដោយសេចក្តីព្យាយាមទេ ១ ញាណ រមែងកើតឡើងចំពោះខ្លួនថា អាត្មាអញនោះសោតនឹករពឫករួច សឹមចូលកាន់ សមាធិនេះ នឹករពឫករួច សឹមចេញចាកសមាធិនេះ ១ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរជាអ្នកប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចម្រើននូវសមាធិប្រមាណមិនបាន ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចម្រើនសមាធិប្រមាណ មិនបាន ញាណទាំង ៥ ប្រការនេះឯងរមែងកើតឡើងចំពោះខ្លួនឯងមិនខាន ។