អដ្ឋកថាចង្កមសូត្រ
ក្បាលទី 28 · ទំព័រ 767
គប្បីជ្រាបវិនិច្ឆ័យក្នុងចង្កមសូត្រទី ៩ ដូចតទៅនេះ បទថា អទ្ធានក្ខមោ ហោតិ បានដល់ កាលដើរផ្លូវឆ្ងាយ ក៏ដើរបាន គឺអត់ធន់ បាន ។ បទថា បធានក្ខមោ បានដល់ ព្យាយាមអត់ធន់បាន ។ បទថា ចង្កមាធិគតោ សមាធិ បានដល់ សមាធិនៃសមាបត្តិ ៨ ណាមួយ ដែលបុគ្គលអធិដ្ឋានចង្រ្កមដល់ហើយ ។ បទថា ចិរដ្ឋិតិកោ ហោតិ ប្រែថា តាំងនៅបានយូរ ។ ដ្បិតថា និមិត្តដែលបុគ្គលឈរកាន់យក កាលអង្គុយ ក៏បាត់ទៅ និមិត្តដែលបុគ្គលអង្គុយកាន់យក កាលដេកក៏បាត់ទៅ ឯនិមិត្តដែល បុគ្គលអធិដ្ឋានចង្រ្កមកាន់យកក្នុងអារម្មណ៍ដែលញាប់ញ័រហើយ កាលឈរក្តី អង្គុយក្តី ដេកក្តី រមែងមិនបាត់ទៅ ។