អដ្ឋកថានាគិតសូត្រ

ក្បាលទី 28 · ទំព័រ 772

គប្បីជ្រាបវិនិច្ឆ័យក្នុងនាគិតសូត្រទី ១០ ដូចតទៅនេះ ឈ្មោះថា ឧច្ចាសទ្ទាមហាសទ្ទា ព្រោះឈ្មោះថា មានសំឡេងខ្ពស់ ព្រោះ សំឡេងឡើងទៅខាងលើ និងឈ្មោះថា មានសំឡេងខ្លាំង ព្រោះសំឡេងផ្តុំ គ្នា ។ ពិតហើយ កាលជនទាំងឡាយ មានក្សត្រមហាសាល និងព្រាហ្មណមហាសាលជាដើម ដែលមានឈ្មោះបោះសំឡេងល្បីរន្ទឺ កាន់យកសក្ការៈ ដ៏ច្រើន នាំគ្នាដើរមក កាលពួកបុគ្គលទាំងនោះពោលថា អ្នកចូរឲ្យឱកាស ដល់បុគ្គលនោះ ចូរឲ្យឱកាសដល់បុគ្គលនោះ ដូច្នេះ កាលបុគ្គលទាំងនោះ ពោលយ៉ាងនេះថា ខ្ញុំមិនមានឱកាសមុន ដូច្នេះ សំឡេងក៏ខ្ពស់ និងខ្លាំង ។ បទថា កេវដ្តា មញ្ញេ មច្ឆេ វិលោបេន្តិ ប្រែថា ដូចគ្នានឹងអ្នកប្រមង់ ។ ពិតហើយ កាលអ្នកប្រមង់ទាំងនោះ កាន់ក្រែញ្ចងដាក់ត្រីដើរមកក្នុងផ្សារលក់ ត្រី រមែងមានសំឡេង ដូច្នេះ របស់មហាជន ដែលនិយាយគ្នាថា លក់ឲ្យខ្ញុំ លក់ឲ្យខ្ញុំ ដូច្នេះ ។ បទថា មិឡសុខំ បានដល់ សុខមិនស្អាត ។ បទថា មិទ្ធសុខំ បានដល់ សុខក្នុងការដេកលក់ ។ បទថា លាភសក្ការសិលោកសុខំ បាន ដល់ សុខដែលកើតឡើងព្រោះអាស្រ័យលាភសក្ការៈ និងការសរសើរ ។ បទថា តន្និន្នាវ ភវិស្សន្តិ លោកអធិប្បាយថា ជនទាំងឡាយនឹងទៅ គឺនឹង ជាប់តាម ទៅកាន់ទីដែលព្រះមានព្រះភាគយាងទៅហើយនោះឯង ។ បទថា តថា ហិ ភន្តេ ភគវតោ សីលប្បញ្ញាណំ សេចក្តីថា ព្រោះហេតុដែល សីល និងការមានឈ្មោះបោះសំឡេងរបស់ព្រះអង្គមានយ៉ាងនោះ ។ បទថា មា ច មយា យសោ សេចក្តីថា សូម្បីយសក៏កុំទៅរួមជាមួយ តថាគតឡើយ ។ បទថា ឯសោ តស្ស និស្សន្ទោ បានដល់ នេះជា ផលសម្រេចនៃភាពជារបស់មិនស្អាត ។