អដ្ឋកថាសុមនសូត្រ

ក្បាលទី 28 · ទំព័រ 778

គប្បីជ្រាបវិនិច្ឆ័យក្នុងសុមនសូត្រទី ១ នៃសុមនវគ្គទី ៤ ដូចតទៅនេះ បទថា សុមនា រាជកុមារី បានដល់ រាជកញ្ញាដែលបាន ឈ្មោះយ៉ាងនោះ ព្រោះព្រះនាងធ្វើមហាសក្ការៈហើយ តាំងសេចក្តីប្រាថ្នា ។ សេចក្តីពិស្តារមានដូច្នេះថា ក្នុងពុទ្ធកាលនៃព្រះវិបស្សីសម្មាសម្ពុទ្ធ កាលពួក អ្នកស្រុកគិតគ្នាថា ពួកយើងនឹងធ្វើការច្បាំងស្រេចហើយ ទាញយកព្រះសាស្តា របស់ពួកយើង ទើបរិះរកឧបាយដែលនឹងបានព្រះសង្ឃ មានព្រះពុទ្ធ ជាប្រធាន អាស្រ័យសេនាបតីហើយ ធ្វើបុណ្យតាមលំដាប់ ក្នុងថ្ងៃទី ១ នៃ ថ្ងៃទាំងអស់ ជាវារៈរបស់សេនាបតី ។ ក្នុងថ្ងៃនោះ សេនាបតីត្រៀមមហាទាន ដាក់មនុស្សអ្នកយាម ដោយប្រាប់ថា ថ្ងៃនេះ ពួកអ្នកចូរឃ្លាំរក្សាការណ៍ដោយ មិនឲ្យអ្នកដទៃណាមួយថ្វាយភិក្ខាសូម្បីតែម្យ៉ាង ។ ថ្ងៃនោះ ភរិយាសេដ្ឋី ទ្រហោយំ ពោលនឹងធីតាដែលលេងជាមួយស្រី ៥០០ នាក់ ដែលត្រឡប់មក ហើយថា នែកូន បើបិតារបស់កូននៅមានជីវិត ថ្ងៃនេះ មែត្រូវនិមន្តព្រះ ទសពលឆាន់ជាដំបូង ។ កូនស្រីពោលនឹងម្តាយថា បពិត្រអ្នកម៉ែ សូមអ្នក មែកុំគិតថ្វីឡើយ កូននឹងរកវិធីឲ្យព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ឆាន់ភិក្ខា របស់យើងជាដំបូង បន្ទាប់អំពីនោះ ទើបធីតាដាក់បាយាសដែលមានទឹកតិច ក្នុងថាសមាសមានតម្លៃមួយសែនរហូតពេញ ហើយចម្អិនដោយសប្បិ ទឹកឃ្មុំ និងស្ករផែនជាដើម យកថាសមួយទៀតគ្រប យកកម្រងមាល័យម្លិះព័ទ្ធ ភាជនៈនោះ ធ្វើឲ្យដូចជាកម្រងផ្កា កាលបានឱកាស ដែលព្រះមានព្រះភាគ យាងចូលទៅកាន់ស្រុក នាងលើកភាជនៈខ្លួនឯង មានពួកទាសីចោមរោម ចេញអំពីផ្ទះទៅ ។