អដ្ឋកថាឧគ្គហសូត្រ

ក្បាលទី 28 · ទំព័រ 795

គប្បីជ្រាបវិនិច្ឆ័យក្នុងឧគ្គហសូត្រទី ៣ ដូចតទៅនេះ បទថា ភទ្ទិយេ ប្រែថា ក្បែរភទ្ទិយនគរ ។ បទថា ជាតិយាវនេ បានដល់ ក្នុងព្រៃ ស្តុកដែលកើតឡើងឯង គេមិនបានដាំ ជាព្រៃជាប់គ្នានឹងព្រៃហិមពាន្ត អធិប្បាយថា ព្រះមានព្រះភាគទ្រង់ចូលទៅអាស្រ័យនគរនោះ ប្រថាប់នៅក្នុង ព្រៃនោះ ។ បទថា អត្តចតុត្ថោ បានដល់ មានព្រះអង្គជាគម្រប់ ៤ ។ សួរថា ព្រោះហេតុអ្វី ទើបឧគ្គហសេដ្ឋីជាចៅរបស់មេណ្ឌកសេដ្ឋីនោះ និមន្ត ព្រះមានព្រះភាគ មានទ្រង់ជាគម្រប់ ៤ មានភិក្ខុទៅ ៣ រូប ។ ឆ្លើយថា បានឮថា ក្នុងផ្ទះរបស់លោកសេដ្ឋីនោះ មានរៀបចំមង្គលធំ ដោយការងារធំ បុគ្គលជាច្រើន ក៏មកប្រជុំគ្នាក្នុងផ្ទះនោះ គាត់គិតថា អង្គាសភិក្ខុសង្ឃ គង់ នឹងសង្គ្រោះទាញចិត្តជនទាំងនោះបានលំបាក ទើបនិមន្តព្រះមានព្រះភាគ មាន ទ្រង់ជាគម្រប់ ៤ បុណ្ណោះ ម្យ៉ាងទៀត គាត់មានការគិតយ៉ាងនេះថា កាល ព្រះសាស្តាទ្រង់ឱវាទកណ្តាលមហាភិក្ខុសង្ឃ កុមារីទាំងឡាយ រវល់តែមើល ក៏មិនអាចទទួលយកព្រះឱវាទបាន ដោយហេតុដូចពោលមកនេះ ទើបគាត់ និមន្តព្រះមានព្រះភាគជាគម្រប់ ៤ បុណ្ណោះ ។ បទថា ឱវទតុ តាសំ ភន្តេ សេចក្តីថា បពិត្រព្រះអង្គដ៏ចម្រើន សូម ព្រះមានព្រះភាគប្រទានឱវាទ គឺទូន្មានកុមារីទាំងនោះ ។ ពិតហើយ ពាក្យថា តាសំ ជាឆដ្ឋីវិភត្តិ ប្រើក្នុងអត្ថនៃទុតិយាវិភត្តិ ។ បទថា យំ តាសំ បានដល់ ឱវាទានុសាសនៈសម្រាប់កុមារីទាំងនោះ ។ លោកសេដ្ឋីនោះ កាលក្រាបទូល ហើយយ៉ាងនេះ គិតថា កុមារីទាំងនេះ កាលបានទទួលឱវាទក្នុងសម្នាក់នៃ ព្រះតថាគត គប្បីឲ្យនាំទៅត្រកូលស្វាមី ដូច្នេះ ។