សីហសូត្រ
ប្រមាណបុណ្ណេះឲ្យបរិបូណ៌ ។ បទថា មនាប នាម តេ ទេវា បានដល់ ទេវតាជាន់និម្មានរតី ។ ពិតហើយ ទេវតាទាំងនោះ ហៅគ្នាថា និម្មានរតី និងមនាបា ព្រោះនិម្មិតរូបដែលខ្លួនប្រាថ្នា ហើយអភិរម្យ ។ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលី ។ គ្រានោះ សីហសេនាបតី ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះសីហសេនាបតី អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលសួរ ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គ អាចនឹងបញ្ញត្តផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯងបានឬទេ ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលសីហៈ អាចបញ្ញត្តបាន ម្នាលសីហៈ ទាយក អ្នកម្ចាស់ទានជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ម្នាលសីហៈ ទាយក អ្នកម្ចាស់ទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ដោយហេតុណា ហេតុនេះឯងជាផលទានដែលបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯង ។ ម្នាល សីហៈ មួយទៀត ពួកសប្បុរសអ្នកមានចិត្តស្ងប់រម្ងាប់ រមែងរាប់រកទាយក អ្នកម្ចាស់ទាន ម្នាលសីហៈ បើពួកសប្បុរសមានចិត្តស្ងប់រម្ងាប់ តែងរាប់រក ទាយកអ្នកម្ចាស់ទាន ដោយហេតុណា ហេតុនេះជាផលទានដែលបុគ្គលគប្បី ឃើញច្បាស់ដោយខ្លួនឯង ។ ម្នាលសីហៈ មួយទៀត កិត្តិសព្ទដ៏ពីរោះរបស់ ទាយកអ្នកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅ ម្នាលសីហៈ ឯកិត្តិសព្ទដ៏ពីរោះរបស់ ទាយកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅដោយហេតុណា ហេតុនេះឯងជាផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯង ។ ម្នាលសីហៈ មួយទៀត ទាយក ម្ចាស់ទានចូលទៅកាន់បរិស័ទណា ទោះជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណ