ទានានិសង្សសូត្រ
ក្បាលទី 28 · ទំព័រ 805
ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងទាននេះមាន ៥ យ៉ាង ។ យ៉ាងដូចម្តេចខ្លះ ។ គឺជាទីស្រឡាញ់ ជាទីគាប់ចិត្តជនច្រើន ១ ពួកសប្បុរស អ្នកស្ងប់ រមែងគប់រក ១ មានកិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ១ មិនបានប្រាសចាកធម៌ របស់គ្រហស្ថ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុង សុគតិសួគ៌ទេវលោក ១ ។ ម្នាលភិក្ខុទាំងឡាយ នេះអានិសង្សក្នុងទានទាំង ៥ យ៉ាង ។ បុគ្គលកាលឲ្យទាន រមែងជាទីស្រឡាញ់ ជាអ្នកអនុកូលទៅ តាមធម៌របស់ពួកសប្បុរស ពួកសព្រហ្មចារីអ្នកសង្រួម មាន ចិត្តស្ងប់រម្ងាប់ រមែងរាប់រកបុគ្គលនោះសព្វកាល ពួកព្រហ្មចារី នោះ រមែងសម្តែងធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ដល់ បុគ្គលនោះ ទាំងបុគ្គលនោះដឹងនូវធម៌ ហើយជាអ្នកមិនមានអាសវៈ រមែងបរិនិព្វានក្នុងលោកនេះ ។ ៥