សទ្ធានិសង្សសូត្រ

ក្បាលទី 28 · ទំព័រ 810

ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងកុលបុត្រ អ្នកមានសទ្ធា នេះមាន ៥ យ៉ាង ។ អានិសង្ស ៥ យ៉ាងដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសប្បុរសដែលមានចិត្តស្ងប់ក្នុងលោក សប្បុរសទាំងនោះ កាលអនុគ្រោះ រមែងអនុគ្រោះតែបុគ្គលដែលមានសទ្ធាជាដំបូង មិនអនុគ្រោះបុគ្គលមិនមាន សទ្ធាដូច្នោះទេ ១ កាលចូលទៅជិត រមែងចូលទៅជិតតែបុគ្គលមានសទ្ធាជា ដំបូង មិនចូលទៅជិតបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កាលទទួល រមែង ទទួលតែបុគ្គលមានសទ្ធាជាដំបូង មិនទទួលបុគ្គលមិនមានសទ្ធាដូច្នេះទេ ១ កាលសម្តែងធម៌ ក៏សម្តែងចំពោះតែបុគ្គលមានសទ្ធាជាដំបូង មិនសម្តែងធម៌ ចំពោះបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កុលបុត្រមានសទ្ធា លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក ១ ។ ម្នាលភិក្ខុ ទាំងឡាយ នេះជាអានិសង្ស ៥ ក្នុងកុលបុត្រអ្នកមានសទ្ធា ។ ម្នាលភិក្ខុទាំងឡាយ ដើមជ្រៃធំដុះលើផែនដីដ៏ល្អត្រង់ផ្លូវធំបែកជា ៤ រមែងជាទីពួនសម្ងំនៃ ពួកបក្សីជុំវិញយ៉ាងណា ម្នាលភិក្ខុទាំងឡាយ កុលបុត្រដែលមានសទ្ធា រមែងជាទីពឹងពាក់អាស្រ័យនៃជនដ៏ច្រើន គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក៏យ៉ាងនោះដែរ ។ ដើមឈើធំ បរិបូណ៌ដោយមែក ស្លឹក ផ្លែ ដើម ឫស បរិបូណ៌ ដោយផ្លែ ជាទីពឹងរបស់សត្វបក្សីទាំងឡាយ ពួកសត្វតែងអាស្រ័យនឹងដើមឈើនោះ ដែលនៅក្នុងព្រៃរំលោង ជាទីរីករាយ ចិត្ត ពួកសត្វដែលត្រូវការម្លប់ ក៏ទៅជ្រកម្លប់ ពួកសត្វដែល ត្រូវការផ្លែ ក៏បរិភោគផ្លែ យ៉ាងណាមិញ បុរសបុគ្គលអ្នកមាន សទ្ធា បរិបូណ៌ដោយសីលប្រព្រឹត្តឱនលំទោន មិនរឹងរូស ស្លូតត្រ ង់ ទន់ភ្លន់ ពួកព្រះសង្ឃដែលប្រាសចាករាគៈ ប្រាសចាក ទោសៈ ប្រាសចាកមោហៈ មិនមានអាសវៈ ជាបុញ្ញក្ខេត្តក្នុង ល