អដ្ឋកថាសទ្ធានិសង្សសូត្រ
ក្បាលទី 28 · ទំព័រ 812
គប្បីជ្រាបវិនិច្ឆ័យក្នុងសទ្ធានិសង្សសូត្រទី ៦ ដូចតទៅនេះ បទថា អនុកម្បន្តិ គឺអនុគ្រោះ ។ បទថា ខន្ធិមាវ មហាទុមោ គឺដូចដើមឈើ ធំសម្បូរដោយដើមដង ។ បទថា មនោរមេ អាយតនេ បានដល់ ក្នុង ទីប្រជុំដែលគួរត្រេកអរ ។ បទថា ឆាយំ ឆាយត្ថិកា យន្តិ បានដល់ ជាអ្នក ត្រូវការម្លប់ ក៏ចូលទៅអាស្រ័យម្លប់ ។ បទថា និវាតវុត្តឹ គឺប្រព្រឹត្តឱន លំទោន ។ បទថា អត្ថទ្ធំ គឺវៀរភាពជាបុគ្គលរឹងត្អឹង ព្រោះក្រោធ និង មានះ ។ បទថា សោរតំ បានដល់ ជាអ្នកប្រកបដោយសេចក្តីស្ងប់ មាន សីលស្អាត ។ បទថា សខិលំ គឺគួរត្រេកអរ ។