បុត្តសូត្រ
ម្នាលភិក្ខុទាំងឡាយ មាតាបិតាពិចារណាឃើញហេតុ ៥ យ៉ាងនេះ រមែងចង់បានបុត្រដែលកើតក្នុងត្រកូល ។ ហេតុ ៥ យ៉ាងដូចម្តេច ខ្លះ ។ គឺបុត្រដែលយើងចិញ្ចឹមហើយ នឹងចិញ្ចឹមយើងវិញ ១ បុត្រនឹងជួយ ធ្វើកិច្ចយើង ១ វង្សត្រកូលនឹងស្ថិតនៅយូរ ១ បុត្រប្រតិបត្តិទទួលយកមត៌ក ១ មួយទៀត បុត្រនឹងឧទ្ទិសទក្ខិណាទានឲ្យដល់យើងដែលធ្វើមរណកាលទៅកាន់ លោកខាងមុខ ១ ។ ម្នាលភិក្ខុទាំងឡាយ មាតាបិតាកាលពិចារណាឃើញ ហេតុ ៥ យ៉ាងនេះ រមែងចង់បានបុត្រដែលកើតក្នុងត្រកូល ។ អ្នកប្រាជ្ញទាំងឡាយ កាលបើពិចារណាឃើញហេតុទាំង ៥ យ៉ាង រមែងចង់បានបុត្រ គឺបុត្រដែលយើងចិញ្ចឹមហើយ នឹងចិញ្ចឹម យើងវិញ នឹងធ្វើកិច្ចការដល់យើង វង្សត្រកូលនឹងស្ថិតនៅយូរ ប្រតិបត្តិគួរដើម្បីទទួលយកមត៌ក មួយទៀត នឹងឧទ្ទិសទក្ខិណាទានឲ្យដល់យើងដែលទៅកាន់លោកខាងមុខ អ្នកប្រាជ្ញទាំងឡាយ កាលបើពិចារណាឃើញហេតុទាំង ៥ យ៉ាងនេះហើយ រមែងចង់បានបុត្រ ហេតុដូច្នោះ ពួកសប្បុរសអ្នកស្ងប់រម្ងាប់ជា កតញ្ញូកតវេទិបុគ្គល កាលរពឫកឃើញនូវឧបការគុណ ដែល លោកធ្វើហើយក្នុងកាលមុន រមែងចិញ្ចឹមមាតាបិតា រមែងជួយ ធ្វើកិច្ចការរបស់បុព្វការីទាំងនុ៎ះតាមសមគួរ បុត្រអ្នកធ្វើតាមឱវាទ អ្នកចិញ្ចឹមមាតាបិតា ដែលលោកចិញ្ចឹមហើយ មិនញ៉ាំងវង្សត្រកូលឲ្យសាបសូន្យ ជាអ្នកមានសទ្ធាបរិបូណ៌ ដោយសីល ដែលអ្នកផងគប្បីសរសើរ ។ ៥