អាទិយសូត្រ

ក្បាលទី 28 · ទំព័រ 818

គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុង ទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មាន ព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលគហបតី ការកាន់យកនូវភោគៈនេះមាន ៥ យ៉ាង ។ យ៉ាងដូចម្តេចខ្លះ ។ ម្នាលគហបតី អរិយសាវ័កក្នុងលោកនេះ មានភោគៈទាំងឡាយ ដែលខ្លួនបានមកដោយសេចក្តីខ្នះខ្នែង ព្យាយាម ដែល ខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមក ដោយធម៌ហើយ ញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងមាតាបិតាឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងបុត្រ ភរិយា ទាសកម្មករ និងបុរសទាំងឡាយឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ នេះជាការកាន់យកនូវភោគៈទី ១ ។ ម្នាលគហបតី មួយទៀត អរិយសាវ័កមានភោគៈទាំងឡាយ ដែលខ្លួនបានដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមក ដោយធម៌ រមែងញ៉ាំងមិត្តអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាសុខដោយប្រពៃ នេះជាការកាន់យកនូវភោគៈទាំងឡាយទី ២ ។ ម្នាលគហបតី មួយទៀត អរិយសាវ័កមានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ទុកការពារនូវសេចក្តីអន្តរាយ ដែលកើតអំពីភ្លើង អំពីទឹក អំពីស្តេច អំពីចោរ អំពីជនមិនជាទីស្រឡាញ់ អំពីអ្នកទាមទារមត៌ក ហើយក៏ ធ្វើខ្លួនឲ្យដល់សួស្តី ព្រោះភោគៈទាំងឡាយនោះ នេះជាការកាន់យកនូវ ភោគៈទាំងឡាយទី ៣ ។