អដ្ឋកថាអាទិយសូត្រ
ក្បាលទី 28 · ទំព័រ 822
គប្បីជ្រាបវិនិច្ឆ័យក្នុងអាទិយសូត្រទី ១ នៃមុណ្ឌរាជវគ្គទី ៥ ដូចតទៅនេះ បទថា ភោគានំ អាទិយា បានដល់ ហេតុនៃភោគៈទាំងឡាយ ដែលគប្បីកាន់យកប្រយោជន៍ ។ បទថា ឧដ្ឋានវីរិយាធិគតេហិ បានដល់ ដែលបានមកដោយការឧស្សាហ៍ព្យាយាម ។ បទថា ពាហាពលបរិចិតេហិ បានដល់ ដែលសន្សំដោយកម្លាំងស្មង ។ បទថា សេទាវក្ខិត្តេហិ បានដល់ បានមកដោយបែកញើស ។ បទថា ធម្មិកេហិ គឺប្រកបដោយធម៌ ។ បទថា ធម្មលទ្ធេហិ បានដល់ មិនខូចនូវកុសលធម៌ បានមកដោយធម៌ ។ បទថា បីណេតិ បានដល់ ធ្វើឲ្យឆ្អែតស្កប់ស្កល់ ។ បទដ៏សេស ក្នុងសូត្រនេះ គប្បីជ្រាបដោយន័យ ដែលពោលហើយ ក្នុង ចតុក្កនិបាត ។