អង្គសូត្រ

ក្បាលទី 28 · ទំព័រ 866

ម្នាលភិក្ខុទាំងឡាយ អង្គនៃសេចក្តីព្យាយាមនេះមាន ៥ យ៉ាង ។ អង្គ ៥ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមាន សទ្ធា ជឿញាណជាគ្រឿងត្រាស់ដឹងរបស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត ជាសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ជាបុគ្គលប្រសើរបំផុត ជាសារថីទូន្មាននូវ បុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ លែងវិលមកកាន់ ភពថ្មីទៀត ១ ជាអ្នកមិនមានអាពាធ មិនមានទុក្ខ ប្រកបដោយធាតុ ភ្លើងសម្រាប់ដុតកម្តៅយ៉ាងល្មម មិនត្រជាក់ពេក មិនក្តៅពេក ជាយ៉ាង កណ្តាល គួរនឹងធ្វើព្យាយាមបាន ១ ជាអ្នកមិនអួតអាង មិនមានមាយា ជាអ្នកធ្វើខ្លួនឲ្យប្រាកដតាមពិតក្នុងសម្នាក់គ្រូ និងពួកសព្រហ្មចារីជាវិញ្ញូជន ១ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌ ធ្វើកុសលធម៌ឲ្យ សម្រេច មានកម្លាំងប្រឹងសង្វាត មិនដាក់ចុះនូវធុរៈក្នុងកុសលធម៌ ១ ជាអ្នក មានបញ្ញា ប្រកបដោយបញ្ញា អាចកំណត់នូវការកើត និងការរលត់ដ៏ប្រសើរ ជាគ្រឿងទម្លុះទម្លាយ ( កិលេស ) អាចកំណត់នូវធម៌ជាគ្រឿងអស់ទៅនៃ ទុក្ខដោយប្រពៃបាន ១ ។ ម្នាលភិក្ខុទាំងឡាយ អង្គនៃសេចក្តីព្យាយាមមាន ៥ នេះឯង ។