អដ្ឋកថាឋានសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងឋានសូត្រទី ៧ ដូចតទៅនេះ បទថា ជរាធម្មោម្ញិ ប្រែថា អាត្មាអញ ជាអ្នកមានការចាស់ជាធម្មតា ។ បទថា ជរំ អនតីតោ សេចក្តីថា មិនកន្លងផុតនូវការចាស់ទៅបានឡើយ រមែងត្រាច់ទៅក្នុង ការចាស់នោះឯង ។ ក្នុងបទដ៏សេសទាំងឡាយ ក៏មានន័យនេះដូចគ្នា ។ ក្នុងបទទាំងឡាយថា កម្មស្សកោ ជាដើម កម្មជារបស់ខ្លួន គឺជារបស់មាន នៃខ្លួន ព្រោះដូច្នោះ ទើបឈ្មោះថា មានកម្មជារបស់ខ្លួន ។ បទថា កម្មទាយាទោ ប្រែថា អាត្មាអញជាទាយាទរបស់កម្ម អធិប្បាយថា មានកម្ម ជាមត៌ក គឺជាសម្បត្តិរបស់ខ្លួន កម្មជាកំណើត គឺជាហេតុកើតរបស់ខ្លួន ព្រោះដូច្នោះ ទើបឈ្មោះថា មានកម្មជាកំណើត ។ កម្មជាផៅពង្សរបស់ខ្លួន ព្រោះដូច្នោះ ទើបអាត្មាអញ ឈ្មោះថា មានកម្មជាផៅពង្ស ។ អធិប្បាយថា មានកម្មជាញាតិ ។ កម្មជាទីអាស្រ័យ គឺជាទីពឹងរបស់ខ្លួន ព្រោះដូច្នោះ ទើបអាត្មាអញ ឈ្មោះថា មានកម្មជាទីអាស្រ័យ ។ បទថា តស្ស ទាយាទោ ភវិស្សាមិ ប្រែថា អាត្មាអញជាទាយាទនៃកម្មនោះ អធិប្បាយថា អាត្មាអញ ជាអ្នកទទួលផលដែលកម្មនោះឲ្យ ។ បទថា យោព្វនមទោ បានដល់ ការស្រវឹងកើតឡើងប្រារព្ធភាពជា កំលោះក្រមុំ ។ ក្នុងបទទាំងឡាយដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា មគ្គោ សញ្ជាយតិ បានដល់ លោកុត្តរមគ្គ រមែងកើតឡើងព្រម ។ បទថា សំយោជនានិ បហីយន្តិ សេចក្តីថា សំយោជនៈ ១០ ប្រការ លោករមែង លះបានដោយប្រការទាំងពួង ។ បទថា អនុសយា ព្យន្តី ហោន្តិ សេចក្តីថា អនុស័យ ៧ ប្រការអស់ហើយ គឺមានផ្លូវជុំវិញកាត់ផ្តាច់ហើយ ក្នុងសូត្រនេះ