កុមារលិច្ឆវីសូត្រ

ក្បាលទី 28 · ទំព័រ 891

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត ។ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចទៅបិណ្ឌបាតក្នុងនគរ វេសាលី រួចត្រឡប់មកពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត ហើយ ស្តេចចូលទៅកាន់មហាវ័ន គង់សម្រាកក្នុងវេលាថ្ងៃក្រោមម្លប់ឈើមួយដើម ។ សម័យនោះឯង ពួកលិច្ឆវីកុមារច្រើនអង្គ កាន់យកនូវធ្នូដែលខ្លួនដំឡើង ហើយ មានពួកឆ្កែចោមរោម ដើរសញ្ចរទៅមកក្នុងមហាវ័ន បានឃើញព្រះ ដ៏មានព្រះភាគ ទ្រង់គង់ក្រោមម្លប់ឈើមួយដើម លុះឃើញហើយ ក៏ដាក់ធ្នូ ដែលខ្លួនដំឡើងចេញហើយ បញ្ជូនពួកឆ្កែទៅក្នុងទីសមគួរ រួចចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ មាន សភាពស្ងប់ស្ងៀម ផ្គងអញ្ជលី ចូលទៅអង្គុយជិតព្រះដ៏មានព្រះភាគ ។ សម័យនោះ មហានាមលិច្ឆវី ដើរសញ្ចរទៅមក សម្រួលស្មងក្នុងមហាវ័ន បានឃើញពួកលិច្ឆវីកុមារទាំងនោះ កំពុងមានភាពស្ងប់ស្ងៀម ផ្គងអញ្ជលី ចូលទៅអង្គុយជិតព្រះដ៏មានព្រះភាគ លុះបានឃើញហើយ ក៏ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះស្តេចមហានាមលិច្ឆវី អង្គុយក្នុងទីសមគួរ ហើយក៏ បន្លឺឡើងនូវឧទានថា ពួកស្តេចវជ្ជីនឹងចម្រើន ពួកស្តេចវជ្ជីនឹង ចម្រើន ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលមហានាម ថ្វីក៏បានជា និយាយថា ពួកស្តេចវជ្ជីនឹងចម្រើន ពួកស្តេចវជ្ជីនឹងចម្រើនយ៉ាងនេះ ។ ស្តេចមហានាមលិច្ឆវីក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពួកលិច្ឆវីកុមារ ទាំងនេះធ្លាប់តែ