អដ្ឋកថាកុមារលិច្ឆវីសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងកុមារលិច្ឆវីសូត្រទី ៨ ដូចតទៅនេះ បទថា សជ្ជានិ ធនូនិ សេចក្តីថា កាន់យកធ្នូដែលដំឡើងខ្សែហើយ ។ បទថា ភវិស្សន្តិ វជ្ជី បានដល់ ស្តេចវជ្ជីនឹងចម្រើន ។ បទថា អបដុកា សេចក្តីថា អាស្រ័យការមិនចម្រើន ជាអ្នករឹងត្អឹងព្រោះមានះ ។ បទថា បច្ឆាលិយំ ខិបន្តិ សេចក្តីថា ដើរទៅខាងក្រោយ ហើយធាក់កណ្តាលខ្នង ។ ក្នុងបទទាំងឡាយ មានបទថា រដ្ឋិកស្ស ជាដើម បុគ្គលឈ្មោះថា រដ្ឋិក ព្រោះបរិភោគ គឺគ្រប់គ្រងដែន ។ បុគ្គលឈ្មោះថា បេត្តនិក ព្រោះបរិភោគ គឺគ្រប់គ្រង ទ្រព្យមត៌កដែលបិតាឲ្យ ។ បុគ្គលឈ្មោះថា សេនាបតី ព្រោះ ជាម្ចាស់ គឺជាធំនៃកងទ័ព គឺមេទ័ព ។ បទថា គាមគ្គាមិកស្ស គឺជា ប្រធាននៃអ្នកស្រុក អ្នកដែនទាំងឡាយ អធិប្បាយថា ជាអ្នកគ្រប់គ្រងស្រុក ។ បទថា បូគគ្គាមណិកស្ស គឺធំជាងពួក ។ បទថា កុលេសុ គឺក្នុងត្រកូលនោះ បទថា បច្ចេកាធិបច្ចំ ការេន្តិ គឺគ្រប់គ្រងអធិបតី គឺភាពជាធំម្នាក់ឯង ។ បទថា កល្យាណេន មនសា អនុកម្បន្តិ គឺអនុគ្រោះដោយចិត្តដែល ល្អ ។ បទថា ខេត្តកម្មន្តសាមន្តសព្យោហារេ បានដល់ ជនដែលជាម្ចាស់ ទ្រព្យត្រង់ស្រែជាប់គ្នានឹងរបស់ខ្លួនដោយជុំវិញរបស់អ្នកស្រែ និងភ្នាក់ងារវាស់ វែងដែលកាន់យកខ្សែ និងឈើវាស់ដី ។ បទថា ពលិប្បដិគ្គាហិកា ទេវតា បានដល់ អារក្ខទេវតាដែលគោរពតគ្នាមកតាមបវេណីរបស់ត្រកូល ។ បទថា តា សក្ករោតិ បានដល់ ធ្វើសក្ការៈដល់ទេវតាទាំងនោះ ដោយបបរ និងបាយយ៉ាងល្អ ។ បទថា កិច្ចករោ គឺជាអ្នកជួយធ្វើកិច្ចដែលកើតឡើង ។ បទថា យេ ចស្ស ឧបជីវិនោ បានដល់ ជនដែលចូលទៅអាស្រ័យកិច្ចនោះចិញ្ចឹមជីវិត ។