ទុតិយទុល្លភសូត្រ
ក្បាលទី 28 · ទំព័រ 899
ម្នាលភិក្ខុទាំងឡាយ វុឌ្ឍបព្វជិត ( អ្នកបួសឯចាស់ ) ប្រកបដោយធម៌ ៥ យ៉ាង រកបានដោយក្រ ។ វុឌ្ឍបព្វជិត ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ វុឌ្ឍបព្វជិតដែលប្រដៅងាយ រកបានដោយក្រ ១ ជាអ្នកប្រកាន់ល្អរកបានដោយក្រ ១ ជាអ្នកទទួលយក ឱវាទខាងស្តាំរកបានដោយក្រ ១ ជាអ្នកចេះសម្តែងធម៌រកបានដោយក្រ ១ ជាអ្នកទ្រទ្រង់វិន័យរកបានដោយក្រ ១ ។ ម្នាលភិក្ខុទាំងឡាយ វុឌ្ឍបព្វជិត ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រកបានដោយក្រ ។ នីវរណវគ្គទី ១ ចប់ ឧទ្ទាននៃនីវរណវគ្គនោះ គឺ និយាយអំពីអាវរណធម៌ ១ គំនរអកុសល ១ អង្គនៃបធាន ១ សម័យដើម្បីព្យាយាម ១ ភិក្ខុនីជាមាតា និងភិក្ខុជាបុត្រ ១ ភិក្ខុ ១ រូប អផ្សុកប្រាប់ហេតុដល់ឧបជ្ឈាយ៍ ១ ស្ថាន ៥ យ៉ាង ដែលគួរពិចារណារឿយៗ ១ លិច្ឆវីកុមារ ១ វុឌ្ឍបព្វជិត ប្រកបដោយ ធម៌ ៥ យ៉ាងដទៃទៀត ពីរលើក រកបានដោយក្រ ១ ។