ទុតិយសញ្ញាសូត្រ

ក្បាលទី 28 · ទំព័រ 902

ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះ ដែលបុគ្គលបាន ចម្រើន បានធ្វើឲ្យរឿយៗ ហើយ មានផលច្រើន មានអានិសង្សច្រើន មាន ព្រះនិព្វានជាទីតាំង មានព្រះនិព្វានជាទីបំផុត ។ សញ្ញា ៥ យ៉ាង តើដូចម្តេច ។ គឺអនិច្ចសញ្ញា ( សេចក្តីសម្គាល់ថាមិនទៀង ) ១ អនត្តសញ្ញា ( សេចក្តីសម្គាល់ថាមិនមែនខ្លួន ) ១ មរណសញ្ញា ( សេចក្តីសម្គាល់ក្នុង សេចក្តីស្លាប់ ) ១ អាហារេបដិកូលសញ្ញា ( សេចក្តីសម្គាល់ក្នុងអាហារថា ជាបដិកូល ) ១ សព្វលោកេ អនភិរតសញ្ញា ( សេចក្តីសម្គាល់ថាមិនគួរ ត្រេកត្រអាលក្នុងលោកទាំងពួង ) ១ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាង នេះឯង ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ មានផលច្រើន មានអានិសង្សច្រើន មានព្រះនិព្វានជាទីតាំង មានព្រះនិព្វានជាទីបំផុត ។ ៥