ទុតិយឥទ្ធិបាទសូត្រ

ក្បាលទី 28 · ទំព័រ 910

ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន អំពីកាលត្រាស់ដឹង តថាគត នៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ បានចម្រើននូវធម៌ ៥ យ៉ាង ធ្វើឲ្យរឿយៗ នូវធម៌ ៥ យ៉ាង ។ ធម៌ ៥ យ៉ាង តើដូចម្តេច ។ គឺតថាគតបាន ចម្រើននូវឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចម្រើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ ចិត្តសមាធិ វីមំសាសមាធិ និងបធានសង្ខារ ទាំង ប្រឹងចម្រើននូវការព្យាយាមដ៏លើសលុប ជាគម្រប់ ៥ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគតបានចម្រើន បានធ្វើឲ្យរឿយៗ នូវធម៌ដែលមានការព្យាយាមដ៏ លើសលុបជាគម្រប់ ៥ នេះ ទើបតថាគតនោះ បានបង្អោនចិត្តទៅដើម្បីធម៌ ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាដ៏ឧត្តម កាលបើហេតុមាន ក៏បាន ដល់នូវភាវៈជាបន្ទាល់ ក្នុងការធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ក្នុងធម៌ នោះៗ ឯង ។ បើតថាគតនោះប្រាថ្នាថា សូមឲ្យតថាគត បាននូវការតាក់តែង បឫទ្ធិជាច្រើនប្រការ ។ បេ ។ ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ ព្រហ្មលោក កាលបើហេតុមាន តថាគតក៏បានដល់នូវភាវៈជាបន្ទាល់ ក្នុងការ តាក់តែងឫទ្ធិនោះៗ ។ បើតថាគតនោះប្រាថ្នាថា ។ បេ ។ សូមឲ្យតថាគត បាន ធ្វើឲ្យជាក់ច្បាស់ បានដល់ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវ ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈ ទាំងឡាយ កាលបើហេតុមាន តថាគតក៏បានដល់នូវភាវៈជាបន្ទាល់ ក្នុងការបាន សម្រេចនូវគុណវិសេសនោះៗ ។