បឋមចេតោវិមុត្តិសូត្រ

ក្បាលទី 28 · ទំព័រ 914

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៥ យ៉ាងនេះ ដែលបុគ្គលបាន ចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងមានចេតោវិមុត្តិជាផលផង មាន ចេតោវិមុត្តិផលជាអានិសង្សផង មានបញ្ញាវិមុត្តិជាផលផង មានបញ្ញាវិមុត្តិផល ជាអានិសង្សផង ។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ ថា មិនស្អាត ( ក្នុង រូបកាយ ) ១ មានសេចក្តីសម្គាល់ថា ជាបដិកូលក្នុងអាហារ ១ មានសេចក្តី សម្គាល់ថា មិនគួរត្រេកអរក្នុងលោកទាំងពួង ១ ពិចារណាឃើញរឿយៗ ថា មិនទៀងក្នុងសង្ខារទាំងពួង ១ សេចក្តីសម្គាល់ក្នុងមរណៈ ភិក្ខុនោះ ក៏បាន តម្កល់ទុកដោយប្រពៃខាងក្នុងសន្តាន ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៥ យ៉ាងនេះឯង ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងមាន ចេតោវិមុត្តិជាផលផង មានចេតោវិមុត្តិផលជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានបញ្ញាវិមុត្តិផលជាអានិសង្សផង ។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុបានចេតោវិមុត្តិ និងបញ្ញាវិមុត្តិហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ នេះ ហៅថា លើកឡើងនូវជើងគុល គឺអវិជ្ជាដូច្នេះខ្លះ ថាបំផ្លេចបំផ្លាញនូវគូ គឺសង្សារវដ្តដូច្នេះខ្លះ ថាដកឡើងនូវសសរ គឺតណ្ហាដូច្នេះខ្លះ ថាបើកនូវសន្ទះ ទ្វារ គឺនីវរណៈដូច្នេះខ្លះ ថាប្រាសចាកសត្រូវ រម្លើងនូវទង់ គឺមានះ ទម្លាក់ នូវភារៈ ប្រាសចាកវដ្តៈដូច្នេះខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលហៅថា លើកឡើងនូវជើងគុល គឺអវិជ្ជា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ បានលះបង់នូវអវិជ្ជាចោលចេញហើយ បានគាស់រម្លើងឫសគល់ អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បាន ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទ