ទុតិយវិមុត្តិសូត្រ
លម្អ ដុតនគរចោរ គឺសក្កាយ ចូលកាន់នគរ គឺកិលេសប្បរិនិព្វាន ជាទី រម្លត់កិលេស សោយសុខកើតអំពីផលសមាបត្តិ ដែលមានអមតនិរោធជា អារម្មណ៍ ញ៉ាំងកាលឲ្យកន្លងទៅ ដូចអ្នកចម្បាំងចូលទៅក្នុងនគរក្សេម ឡើង ប្រាសាទជាន់លើ បរិភោគអាហារដែលឆ្ងាញ់ ដូច្នោះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៥ យ៉ាងនេះ ដែលបុគ្គលបាន ចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងមានចេតោវិមុត្តិជាផលផង មានចេតោវិមុត្តិផលជាអានិសង្សផង មានបញ្ញាវិមុត្តិជាផលផង មានបញ្ញាវិមុត្តិផលជា អានិសង្សផង ។ ធម៌ទាំង ៥ យ៉ាងតើដូចម្តេចខ្លះ ។ គឺសេចក្តីសម្គាល់ថា ជា របស់មិនទៀង ១ សេចក្តីសម្គាល់ថាជាទុក្ខ ក្នុងរបស់ដែលមិនទៀង ១ សេចក្តី សម្គាល់ថាមិនមែនខ្លួន ក្នុងរបស់ដែលជាទុក្ខ ១ សេចក្តីសម្គាល់ក្នុងការលះបង់ ១ សេចក្តីសម្គាល់ក្នុងការប្រាសចាករាគៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែង មានចេតោវិមុត្តិជាផលផង មានចេតោវិមុត្តិផលជាអានិសង្សផង មានបញ្ញាវិមុត្តិជាផលផង មានបញ្ញាវិមុត្តិផលជាអានិសង្សផង ។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុ បានចេតោវិមុត្តិ និងបញ្ញាវិមុត្តិហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ នេះហៅថា លើកឡើងនូវជើងគុល គឺអវិជ្ជា ដូច្នេះខ្លះ ថាបំផ្លិចបំផ្លាញនូវគូ គឺ សង្សារវដ្តដូច្នេះខ្លះ ថាដកឡើងនូវសសរ គឺតណ្ហាដូច្នេះខ្លះ ថាបើកនូវសន្ទះទ្វារ គឺនីវរណៈដូច្នេះខ្លះ ថាប្រាសចាកសត្រូវ ដាក់ចុះនូវទង់គឺ មានះ ទម្លាក់នូវភារៈ ប្រាសចាកវដ្តៈដូច្នេះខ្លះ ។