បឋមធម្មវិហារិកសូត្រ

ក្បាលទី 28 · ទំព័រ 922

គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសម គួរ ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មាន ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន គេតែងនិយាយថា ភិក្ខុមានប្រក្រតី នៅដោយធម៌ ភិក្ខុមានប្រក្រតីនៅដោយធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុមានប្រក្រតីនៅដោយធម៌ ដោយហេតុប៉ុន្មានយ៉ាង ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ រៀននូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូតធម្មៈ វេទល្លៈ ។ ភិក្ខុនោះ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការរៀននូវធម៌នោះ លះបង់នូវការសម្ងំនៅក្នុងទី ស្ងាត់ មិនបានប្រកបរឿយៗ នូវធម៌ជាគ្រឿងរម្ងាប់ចិត្តខាងក្នុង ។ ភិក្ខុនេះហៅ ថា ជាអ្នកច្រើនដោយបរិយត្តិធម៌ មិនហៅថា ជាអ្នកមានប្រក្រតីនៅដោយធម៌ ទេ ។ មួយទៀត ភិក្ខុសម្តែងធម៌តាមទំនងដែលខ្លួនបានចេះដឹងមក តាមទំនង ដែលខ្លួនបានរៀនមក ដល់បុគ្គលទាំងឡាយដទៃ ដោយសេចក្តីពិស្តារ ភិក្ខុ នោះញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការបញ្ញត្តិនូវធម៌នោះ លះបង់នូវការសម្ងំ នៅក្នុងទីស្ងាត់ មិនបានប្រកបរឿយៗ នូវធម៌ជាគ្រឿងរម្ងាប់ចិត្តខាងក្នុង ។ ភិក្ខុនេះហៅថា ជាអ្នកច្រើនដោយបញ្ញត្តិ មិនហៅថាជាអ្នកនៅដោយធម៌ទេ។ មួយទៀត ភិក្ខុធ្វើនូវការស្វាធ្យាយនូវធម៌ តាមទំនងដែលខ្លួនបានចេះដឹងមក តាមទំនងដែលខ្លួនបានរៀនមក ដោយសេចក្តីពិស្តារ ។ ភិក្ខុនោះញ៉ាំងថ្ងៃឲ្យ កន្លងទៅ ដោយការស្វាធ្យាយនោះ លះបង់នូវការសម្ងំនៅក្នុងទីស្ងាត់ មិន បានប្រកបរឿយៗ នូវធម៌ជាគ្រឿងរម្ងាប់ចិត្តខាងក្នុង ។