អដ្ឋកថាបឋមធម្មវិហារិកសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមធម្មវិហារិកសូត្រទី ៣ ដូចតទៅ នេះ បទថា ទិវសំ អតិនាមេតិ បានដល់ ធ្វើកាលមួយថ្ងៃឲ្យកន្លងទៅ ។ បទថា រិញ្ចតិ បដិសល្លានំ បានដល់ លះបង់នូវការនៅម្នាក់ឯង ។ បទថា ទេសេតិ បានដល់ ពោលប្រកាស ។ បទថា ធម្មប្បញ្ញត្តិយា បានដល់ ដោយការបញ្ញត្តិធម៌ ។ បទថា ធម្មំ បរិយាបុណាតិ បានដល់ សូធ្យរៀន សិក្សា ពោលនូវធម៌ គឺសច្ចៈ ៤ ដោយនវង្គសត្ថុសាសនៈ ។ បទថា ន រិញ្ចតិ បដិសល្លានំ បានដល់ មិនលះបង់ការនៅតែឯង ។ បទថា អនុយុញ្ជតិ អជ្ឈត្តំ ចេតោសមថំ បានដល់ សេពចម្រើនចិត្តសមាធិខាងក្នុង ខ្លួនឯង គឺប្រកបសេចក្តីខ្វល់ខ្វាយ ក្នុងសមថកម្មដ្ឋាន ។ បទថា ហិតេសិនា ប្រែថា ជាអ្នកស្វែងរកប្រយោជន៍ ។ បទថា អនុកម្បកេន ប្រែថា ជាអ្នក អាណិតអាសូរ ។ បទថា អនុកម្បំ ឧបទាយ បានដល់ កំណត់ លោក អធិប្បាយថា អាស្រ័យនូវការអាណិតអាសូរដោយចិត្តក៏មាន ។ បទថា កតំ វោ តំ មយា សេចក្តីថា តថាគតនឹងសម្តែងបុគ្គល ៥ ប្រភេទនេះ ធ្វើ ករណីយកិច្ចនោះ ដល់អ្នកទាំងឡាយហើយ ។ ពិតហើយ ព្រះសាស្តា ទ្រង់ ជាអ្នកមានករុណា ក៏មានកិច្ច គឺការសម្តែងធម៌ដែលមិនវិបរិត មានប្រមាណ បុណ្ណេះឯង ។ បន្ទាប់អំពីនេះទៅ ឈ្មោះថា បដិបត្តិ ជាកិច្ចនៃសាវ័កអ្នកស្តាប់ទាំងឡាយ ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះគល់ឈើ ។ បេ ។ ជាអនុសាសនី ដូច្នេះ ។ ក្នុងព្រះតម្រាស់នោះ ទ្រង់សម្តែងសេនាសនៈ គឺគល់ឈើ ដោយបទថា រុក្ខមូលានិ គល់ឈើ ដូច្នេះ ។